រដ្ឋបាលខេត្តកំពង់ចាម ទទួលបានផ្លែមៀន ចំនួន ១០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងអភិបាលរងខេត្ត និងមន្ត្រីពាក់ពន្ធ័ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ឬផ្លែតាង៉ែន ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ អ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមឲ្យមានសុខភាពល្អបរិបូរណ៌ ប្រាជ្ញាឈ្លាវៃ ជន្មាយុយឺនយូរ និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានធ្វើការបែងចែកផ្លែមៀនទាំងនោះ ទៅឲ្យតាមបណ្តាក្រុង-ស្រុក មន្ទីរ-អង្គភាព ក្រុមគ្រូពេទ្យ និងកងកំលាំងប្រដាប់អាវុធ ដើម្បីយកទៅបែងចែកបន្ដជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក, អ្នកជំងឺកូវីដ -១៩ដែលកំពុងសម្រាកព្យាបាលជំងឺ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម សម្រាប់ទទួលទាន ទាំងអស់គ្នា។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ៕