ឯកឧត្តម ហាន កុសល អភិបាលរង​ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ជនមានពិការភាព ស្ថិតនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ និងភូមិមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម


កំពង់ចាម៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ជនមានពិការភាព ស្ថិតនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ និងភូមិមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាន កុសល បានពាំនាំប្រសាសន៍ការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះបងប្អូនដែលជាជនមានពិការភាព ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនដែលជាជនពិការត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ និងវិធានការនានាតាមណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្ត សំដៅទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយ។ ជាមួយគ្នានេះ សូមបងប្អូនបន្តអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីអោយសហគមន៍របស់យើងជៀសឆ្ងាយពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា ថ្វីត្បិតតែអំណោយនេះតិចតួចក្តី ប៉ុន្តែក៏អាច ដោះស្រាយបញ្ហាខ្វះខាតរបស់បងប្អូនជនពិការយើងបានមួយចំណែកដែរ។

ឯកឧត្តម ហាន កុសល បានលើកទឹកចិត្តជូនដល់បងប្អូនដែលជាជនមានពិការភាពទាំងអស់កុំ អស់សង្ឃឹម ក្នុងជីវិតរបស់ខ្លួន ដែលជាជនពិការ យើងត្រូវខិតខំ ស្វែងរកចំណេះ ជំនាញទូទៅ ដូចជា ចិញ្ចឹមសត្វ សំអាងការ និងការងារជាច្រើនទៀត ដែលជាការងារសុចរិក ដើម្បីប្រកបរបរចិញ្ចឹមជីវិតរបស់យើង។