អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅប្រគល់ជូន ដល់គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅឃុំពព្រេង ស្រុកចម្ការលើ​ខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១ ៖ ក្នុងនាមដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមខេត្ត និង លោកទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមជាមួយលោក សំ ពិសិដ្ឋ ប្រធានកិត្តិយសអនុសាខាកាបាទក្រហម ស្រុកចម្ការលើ បានអញ្ជើញនាំយកសម្ភារ ទេយ្យវត្ថុ និងបច្ច័យ ចូលរួមបុណ្យសព ស្ត្រីមេម៉ាយ ឈ្មោះ អឿន រដ្ឋា អាយុ ៣០ឆ្នាំ មានកូនស្រីម្នាក់ អាយុ ៨ឆ្នាំក្នុងបន្ទុក ដែលបានទទួលមរណភាពក្នុងគ្រោះមហន្តរាយអគ្គីភ័យ នៅភូមិ ពព្រេង ឃុំស្ពឺ ស្រុកចំការលើ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីព្រលប់ ម៉ោង ៦និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ នៅ ពេលដែលលោកស្រី អឿន រដ្ឋា មានមុខរបជាអ្នកលក់ប្រេងសាំង កំពុងបង្ហូរសាំងដាក់ស៊ីទែនក្នុងដី ស្រាប់តែ ចរន្តអគ្គិសនីបានឆ្លងពីដំបូល ជះអណ្តាតភ្លើង ឆាបឆេះស្ថានីយ៍ប្រេង ភ្លាមៗ ហើយឆេះរាលដល់ផ្ទះ ៣ខ្នង ក្បែរនោះ ទំហំ ៧ម × ៩ម ធ្វើពីឈើលើ ថ្មខាងក្រោម ។ ក្រោយពេលជំលៀសបានជីដូនជរាម្នាក៎ចេញក្រៅរួចហើយ លោកស្រី អឿន រដ្ឋា ក៏ស្ទុះចូលទៅក្នុងផ្ទះម្តងទៀត ដើម្បីប្រមូលយកលុយនៅក្នុងទូ តែជាអកុសល ភ្លើងបានឆេះពេញបន្ទុក មិនអាចចេញក្រៅមករួច លោកស្រី ក៏ត្រូវបានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើងដ៏សន្ធោដន្ធៅនោះទៅ ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ ធ្វើអោយបាត់បង់ទាំងលំនៅដ្ឋាន ទាំងទ្រព្យសម្បត្តិ លុយកាក់គ្មានសល់ ហើយស្លាប់ ទាំងមនុស្ស ទៅទៀត។
លោកជំទាវ ប៉ាង ដានី ក៏បានពាំនាំប្រសាសន៍  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា   ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដែលបានផ្តាំផ្ញើ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងក្តីអាណិតអាសូរ និង ការសោកស្តាយក្រៃលែង ចំពោះការបាត់បង់ កូន ចៅ និងម្តាយ ជាទីស្រឡាញ់ នេះ ។ លោកជំទាវ បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការនយោបាយ ប្រកាន់ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត  បានផ្តាំផ្ផ្ញើ លោក ជឹម រឺន ជាជីតាបង្កើត អោយជួយមើលថែ ចៅស្រីកំព្រាកំសត់ម្នាក់នេះ អោយរស់នៅបានកក៎ក្តៅ ជួយផ្ចុងផ្តើមចៅស្រីបានសិក្សារៀនសូត្រជ្រៅជ្រះ ក្លាយជាពលរដ្ឋ មានអនាគតល្អ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយនោះ លោកជំទាវ អំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ដោយត្រូវ ថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាប្រចាំ ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសកុំអោយជម្ងឺដ៏កាចសាហាវនេះ វាយលុកឆ្លងចូលសហគមន៍ និងគ្រួសារយើង បាន។
សម្ភារ ដែលបានចូលរួមបុណ្យសព មាន ៖ អង្ករ ១០០គក្រ, មី ៥កេស, ត្រីខ ៥យួរ , ទឹកក្រូច ៥កេស និងថវិកា ចំនួន ៥,០០០,០០០រៀល ។
ដោយឡែក សាលាគណស្រុកនិង អនុសាខាកាកបាទក្រហមស្រុកចំការលើ ក៏បានផ្តល់ជូននូវ អង្ករ ២២០គក្រ , មី ៤កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកសុទ្ធ ២០យួរ ,ឃីត ៧ ,សម្ភារៈផ្ទះបាយ និងថវិកា ចំនួន ២,០០០,០០០រៀល ផងដែរ ។