ឯកឧត្តម ហាន កុសលអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលពានរង្វាន់ទិវាគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក


នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ហាន កុសលអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលពានរង្វាន់ទិវាគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក នៅក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
នៅក្នុងកម្មវិធីនេះ លោកស្រី លី អៃឡាង ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ក្នុងនាមអង្គការសុខភាពពិភពលោក បានផ្ដល់កិត្តិយសប្រគល់ជូននូវពានរង្វាន់ចំនួន ២គឺ ទី១ជូនទៅក្រសួងសុខាភិបាល និង ១ទៀតជូនមករដ្ឋបាលខេត្តកំពង់ចាម ។
លោកស្រីបានធ្វើការកើតសរសើរភាពជាអ្នកដឹកនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជំនាញ​ គ្រប់ផ្នែក និងគ្រប់ថ្នាក់ ក្នុងកិច្ចការលុបបំបាត់ថ្នាំជក់ ដែលជាប្រភពមួយនៃវិបត្តិសុខភាព ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោលនយោបាយលុបបំបាត់ និងត្រួតពិនិត្យថ្នាំជក់តាំងពីឆ្នាំ ២០១៤ មក និងបានអរគុណដល់ឯកឧត្តតមអភិបាលខេត្តកំពង់ចាម សម្រាប់ភាពជោគជ័យមួយនេះ ។ លើសពីនេះទៀត ឯកឧត្តមបានលើកទឹកចិត្តដល់គ្រប់រដ្ឋបាលរាជធានី ខេត្ត ឱ្យបង្កើនការអនុវត្តបន្ថែមទៀតលើគោលនយោបាយលុបបំបាត់ និងត្រួតពិនិត្យថ្នាំជក់របស់រាជរដ្ឋាភិបាល និងគោលការណ៍ទីក្រុងគ្មានផ្សែងបារីរបស់រដ្ឋបាលរាជធានី ខេត្ត ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ។