ដើម្បី រួមចំណែកថែរក្សា អភិរក្ស និងបង្កើតនូវគម្របបៃតង អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំ ពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ដាំកូនឈើ ៦ប្រភេទ ដែលជាព្រះរាជទាន ដោយព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណជុំវិញសួនស្មៅខាងមុខ សាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះ ។
តាមការឲ្យដឹងពី លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ឲ្យដឹងថា កូនឈើទាំងនេះ គឺបានមកពីព្រះរាជទាន ពីព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៧ មកម៉្លេះ ហើយយើងបានផ្ស៉ាំឲ្យធំ ទុកសម្រាប់ដាំដុះនៅតាមទីសាធារណៈ នៅពេលដែលអាចដាំបាន ។ ជាក់ស្ដែង ថ្ងៃនេះ ក្រោយពីផ្ស៉ាំធំហើយ យើងបានជ្រើសរើសយកឈើចំនួន ៦ប្រភេទ គឺ ៖ គ្រញ៉ូង បេង ធ្នង់ នាងនួន គគីរ និងត្រយឹង ដើម្បី ដាំនៅបរិវេណសួនច្បារខាងមុខសាលាខេត្ត ។ ជាមួយនោះ ខណ្ឌរដ្ឋបាលព្រៃឈើ ក៏គ្រោងកូនឈើ ដើម្បី ដាំដុះនៅតាមទីសាធារណៈនានា ជាច្រើនទៀត ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញ របស់មនុស្ស ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកក្រើនរំលឹក ឲ្យមានការចូលរួមពីគ្រប់សមាសភាគ ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយៗ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែលយើងបានដាំនាថ្ងៃនេះ ជាផ្នែកមួយ ក្នុងការរួមចំណែកលើកកម្ពស់នូវសោភ័ណ្ឌភាពក្រុង ជាពិសេស វាក៏ជាទីម្លប់ សម្រាប់មនុស្សទូទៅ បានជ្រកកោន នាពេលអនាគត ផងដែរ ៕