អគារសិក្សា ១ខ្នង ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាមត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់


អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្ថិតក្រោមការផ្ដួចផ្ដើម របស់ក្រុមអតីតសិស្ស ក្រោមការគាំទ្រ ពីសំណាក់​ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាតំណាងអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ

ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាងអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានគូសបញ្ជាក់ថា ក្រៅពីសមិទ្ធផលបណ្ណាល័យគុណគ្រូ គម្រោងសាងសង់អគារសិក្សានេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមអតីតសិស្ស ហ៊ុន សែន ព្រៃទទឹង និងទទួលបានការគាំទ្រ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឆ្លើយតតទៅនឹងតម្រូវការ របស់គណៈគ្រប់គ្រងវិទ្យាល័យ ក្នុងការផ្ដល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្មួយៗ ជាសិស្ស ពីព្រោះថា កន្លងមក ចំនួនសិស្សានុសិស្ស មានការកើនឡើង ពីមួយឆ្នាំទៅ មួយឆ្នាំ ក្នុងក្របខ័ណ្ឌផ្ទៃប្រទេស និយាយជារួម និងដោយឡែក ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ក្រុមអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលមិនបំភ្លេចនូវអនុស្សាវរីយ៍របស់ខ្លួនជាពិសេស បានចូលរួមចំណែកជាមួយសង្គមជាតិ ដោយការលំបង់នូវធនធានផ្ទាល់ខ្លួន តាមរយៈ វប្បធម៌ នៃការចែករំលែក រួមគ្នាកសាងនូវសមិទ្ធផល នៅទីនេះឡើង ទុកជាទីកន្លែង សម្រាប់ក្មួយៗជំនាន់ក្រោយ បានសិក្សារៀនសូត្រ ស្មារតីទាំងអស់នេះ គឺបានបណ្ដុះនូវគោលគំនិត ទុកសម្រាប់ក្មួយៗជំនាន់ក្រោយ យកតម្រាប់តាម ដោយមិនអាចបំភ្លេច ស្រុកកំណើត និងសាលារៀនរបស់ខ្លួន បន្ទាប់ពីរកទទួលទានមានបាន នាពេលអនាគត ទៅនោះ ។ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកថា សមិទ្ធផល ខាងលើនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ  ដែលគ្រោងចំណាយថវិកាប្រមាណជា ២៤ម៉ឺនដុល្លារអាមេរិក ហើយក៏ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានបន្តការសិក្សា ទៅកម្រិតឧត្ដមសិក្សា ជាបន្តទៀត ។ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់លើវិស័យអប់រំ ជាពិសេស លើគោលនយោបាយ បង្កើនការកសាងអគារសិក្សាឲ្យបានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ ។ ដូច្នេះ នៅពេលអគារសិក្សាកសាងរួចរាល់ហើយ សូមមាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ជួយជម្រុញ និងលើកទឹកចិត្ត ដល់កូន ចៅ របស់ខ្លួន ឲ្យទៅរៀន ដូចពាក្យស្លោកថា ៖ «ការបញ្ជូនកូន ឲ្យទៅរៀន គឺជាការសន្សំទ្រព្យទុក» ហើយឲ្យកូនរៀន ឲ្យចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សាទៅកម្រិតឧត្ដមសិក្សា ដើម្បី ពួកគាត់ មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បី ទទួលបានប្រាក់ខែ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ផងដែរ

គូសបញ្ជាក់ដែរថា បច្ចុប្បន្ន វិស័យអប់រំយុវជន និងកីឡា នៅទូទាំងស្រុកព្រៃឈរ មានចំនួន ៧៧កន្លែង ក្នុងនោះ វិទ្យាល័យចំនួន ០៥កន្លែងអនុវិទ្យាល័យ ១២កន្លែង បឋមសិក្សា ៥៩កន្លែង និងមត្តេយ្យធនធាន ១កន្លែង មានអគារសិក្សាសរុប ១៨៦ខ្នង ស្មើនឹង ៨២១បន្ទប់ ក្នុងនោះអគារសិក្សា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ៤១ខ្នង ។ ដោយឡែក វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង មានអគារសិក្សា ១០ខ្នងស្មើនឹង ៥២បន្ទប់ ក្នុងនោះ អគារសម្ដេចតេជោ ចំនួន ១៥បន្ទប់ ៕ សារ៉ាត