ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីរាជការ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងសកម្មភាព នៃការការពារច្រាំងទន្លេ នៅចំណុចឃុំពាមកោះស្នា និងឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់


បច្ចុប្បន្ននេះ ក្រុមការងារច្ចេកទេស នៅតែបន្តសកម្មភាព ច្រកបេខ្សាច់ ដើម្បី ការពារបាក់ស្រុតច្រាំង ខណៈដែលទីតាំងមួយចំនួន ត្រូវបានផ្អាកជាបណ្ដោះអាសន្ន បើទោះបីជា ទឹកទន្លេមេគង្គ កំពុងបន្តហក់ឡើង ក៏ដោយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ បានអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ និងសកម្មភាព នៃការការពារច្រាំង ដោយបេខ្សាច់ ដើម្បី ការពារការបាក់ស្រុតច្រាំងទន្លេ នៅចំណុចឃុំពាមកោះស្នា និងឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់ក្រុមជំនាញបច្ចេកទេស អនុវត្តសកម្មភាពរបស់ខ្លួន ដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជានិច្ច ពីព្រោះថា ទឹកទន្លេបន្តហក់ឡើង វាធ្វើឲ្យមានការរំខានដល់ការងារ និងត្រូវផ្អាកជាបណ្ដោះអាសន្ន ។ ជាមួយគ្នានោះដែរ ក៏សូមឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមជួរដងទន្លេមេគង្គ មានការប្រុងប្រយ័ត្នផងដែរប្រសិនបើមានលំនៅដ្ឋាន នៅកៀកច្រាំងដែលបាក់ស្រុត សូមផ្ដល់ព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋាន ដើម្បី ជម្លៀស និងជួយសង្គ្រោះ បានទាន់ពេលវេលា ។ ក្រៅពីនោះ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាននីមួយៗ ត្រូវតាមដានរាល់ព័ត៌មាននានា ជាពិសេស ស្ថានភាពអាកាសធាតុរៀងរាល់ថ្ងៃ ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ។

តាមរបាយការណ៍ ស្ដីពីអំពីវឌ្ឍភាពការការពារច្រាំងទន្លេមេគង្គ របស់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ឲ្យដឹងថា ក្នុងការការពារច្រាំងទន្លេមេគង្គ ដែលមិនឲ្យបន្តការបាក់ស្រុត ក្រុមការងារបច្ចេកទេស បានអនុវត្តកិច្ចការបន្ទាន់ និងបណ្ណោះអាសន្ន ចំនួន ៣ទីតាំង នៅក្នុងឃុំពាមកោះស្នា និងឃុំព្រះអណ្តូង នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាក់ស្ដែង គិតមកត្រឹមថ្ងៃទី២៤ ខែសីហា នេះ យើងបានអនុវត្តទីតាំងទី១ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា  ប្រវែង  ៥០០ម បានរៀបបាវ  Geotextile bag នៅជើងក្រោម និងជួរកណ្តាលបានសម្រេច ១០០% ហើយកិច្ចការបន្ត កំពុងរៀបចំរៀបបាវ ជាន់លើន្ថែមទៀត ហយនឹងបញ្ចប់ ក្នុងរយៈពេល ៤ ថ្ងៃ ខាងមុខ ។ ដោយឡែក ទីតាំងទី២ នៅភូមិព្រះអណ្តូង២  ឃុំព្រះអណ្តូង ប្រវែង ២៥០ម និងទីតាំងទី៣ នៅភូមិព្រែកស្តី  ប្រវែង ៣០០ម បានរៀបបាវ  Geotextile bag នៅជើងក្រោម បានរួចរាល់ ។ ប៉ុន្តែ ដោយសារពេលនេះ ទឹកទន្លេកំពុងហក់ឡើក្រុមបច្ចេកទេស ក៏បានផ្អាកការងារ ជាបណ្ដោះអាសន្នសិន ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្ពស់ទឹកទន្លេមេគង្គ មានកម្ពស់ ១០,៤៨ម ធៀបនឹងថ្ងៃម្សិលម៉ិញ ទឹកឡើង ០.២២ម បើធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៨ ទឹកមានកម្ពស់ ១៥,៤៤ម ខណៈដែលកម្រិតកម្ពស់ទឹកជំន់ទន្លេមេគង្គ នៅខេត្តកំពង់ចាម ត្រូវប្រកាសអាសន្ន ស្ថិតក្នុងកម្រិតកម្ពស់ ១៥,២០ នោះ ៕