ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានសម្រេចលើកសំណើតារាងតម្លៃក្នុងសៀវភៅបន្ទុកថ្មី ដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បន្ទាប់ពីមានករណីផ្សព្វផ្សាយព័ត៌មាន អំពីភាពមិនប្រក្រតី នៃការយកកម្រៃសេវាលើសសៀវ ភៅបន្ទុក ពីបណ្ដាអ្នកធ្វើដំណើរ របស់ម្ចាស់អាជីវកម្មកំពង់ចម្លមួយចំនួន នៅក្នុងខេត្តកំពង់ចាម ដែលជាកត្តាធ្វើឲ្យមានការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ។
ការសម្រេចនេះ ធ្វើឡើង ក្នុងឱកាស ឯកឧត្ដមជួបពិភ្សាការងារ ជាមួយក្រុមហ៊ុនវិនិយោគកំពង់ចម្លងទាំងអស់ ដែលបានទទួលសិទ្ធិវិនិយោគ នៅក្នុងខេត្តកំពង់ចាម ដើម្បី រកដំណោះស្រាយសមស្រប សម្រាប់ផ្ដល់ជូនបងប្អូនម្ចាស់អាជីវកម្មកំពង់ចម្លង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។
បន្ទាប់ពីការបំភ្លឺ របស់ម្ចាស់អាជីវកម្ម ជូនរដ្ឋបាលខេត្ត រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានស្នើដល់ទីចាត់ការហិរញ្ញវត្ថុ ធ្វើតារាងតម្លៃឡើងវិញ ដើម្បី ស្នើសុំកែតម្រូវសៀវភៅបន្ទុកឡើងវិញ សម្រាប់កំពង់ចម្លងទាំង ១០ទីតាំងនោះ ។ ឯកឧត្តមបានសំណូមពរដល់អ្នកវិនិយោគលើកំពង់ចម្លងទាំងអស់ សូមរក្សាការយកតម្លៃសេវា ដូចមាននៅក្នុងសៀវភៅបន្ទុកចាស់ដដែល ដោយរងចាំគោលការណ៍ណែនាំពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទើបយើងអនុវត្តតម្លៃសៀវភៅបន្ទុកថ្មី ។ ទន្ទឹមនោះ ម្ចាស់អាជីវកម្ម ត្រូវណែនាំបុគ្គលិក ឬកម្មករ របស់ខ្លួន ឲ្យកែប្រែឥរិយាបទ និងមានអត្តចរឹតសមរម្យ ដើម្បី បំរើសេវាជូនប្រជាពលរដ្ឋ ។ ក្រៅពីនោះ ម្ចាស់អាជីវកម្មទាំងអស់ យកចិត្តទុកដាក់លើបច្ចេកទេស ក្នុងការគ្រប់គ្រងសាឡាង និងទូកដរ ដោយមានអាវពោង បំពង់ពន្លត់អគ្គិភ័យ និងមិនត្រូបផ្ទុកលើសចំណុះ ដើម្បីជៀសវាងការគ្រោះថ្នាក់ ដោយយថាហេតុ។
គួរកត់សម្គាល់ថា ផ្អែកតាមតារាងតម្លៃសៀវភៅបន្ទុក ដែលត្រូវស្នើសុំថ្មីនោះ ក៏មានតម្លើង និងបញ្ចុះតម្លៃ ផងដែរ ដែលជាអាទិមាន ៖ ម៉ូតូ ១គ្រឿង (មិនបូកមនុស្ស) ឆ្លង ១លើក ៥០០រៀល ស្នើសុំថ្មី ១.០០០រៀល រទះគោ ក្របី សេះ (បូកទាំងមនុស្ស) ១គ្រឿង ឆ្លង ១លើក ២.០០០រៀល ស្នើសុំថ្មី ៤.០០០រៀល ។ រថយន្តដឹកអ្នកដំណើរ ឬទេសចរណ៍ មាន ១៥កៅអី ១គ្រឿង (បូកទាំងមនុស្ស) ១គ្រឿង ៦.០០០រៀល ស្នើសុំថ្មី ១០.០០០រៀល រថយន្តដឹកធុនមធ្យម Pick up (បូកទាំងមនុស្ស) ១គ្រឿង ឆ្លង ១លើក ១០.០០០រៀល ស្នើសុំថ្មី ១៣.០០០រៀល រថយន្តធុនមធ្យម ទូរីស (បូកទាំងមនុស្ស) ១គ្រឿង ឆ្លង ១លើក ១០.០០០រៀល ស្នើសុំថ្មី ១៥.០០០រៀល រថយន្តប្រភេទ Landcriser (បូកទាំងមនុស្ស) ១គ្រឿង ឆ្លង ១លើក ១៥.០០០រៀល ស្នើសុំថ្មី ១៣.០០០រៀល រថយន្តដឹកនាំអ្នកដំណើរធុនធំ ចំណុះ ២៣កៅអីឡើង (បូកទាំងមនុស្ស) ១គ្រឿង ឆ្លង ១លើក ៦.០០០រៀល ស្នើសុំថ្មី ២០.០០០រៀល ។
គួររំលឹកផងដែរថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម មានអាជីវកម្មវិនិយោគកំពង់ចម្លងសរុបចំនួន ១០កន្លែង ៕