អបអរសាទរ មន្ទីរពេទ្យជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូទូទាំងប្រទេស


បន្ទាប់ពីការវាយតម្លៃ ពីគណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈ ថ្នាក់ជាតិ មន្ទីរពេទ្យចំនួន របស់ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ នៅទូទាំងប្រទេស គឺ ៖១.មន្ទីរពេទ្យខេត្តកំពង់ចាម ជាមន្ទីរពេទ្យដំណើរការសំណុំសកម្មភាពបង្កប់កម្រិត ៣ ទទួលបានចំណាត់ថ្នាក់ លេខ ១ ។ ២.មន្ទីរពេទ្យបង្អែកបាធាយ ជាមន្ទីរពេទ្យដំណើរការសំណ៌សកម្មភាពបង្កប់កម្រិត ២ ទទួលបានចំណាត់ថ្នាក់ លេខ ២ ។៣.មន្ទីរពេទ្យបង្អែកព្រៃឈរ ជាមន្ទីរពេទ្យដំណើរការសំណ៌សកម្មភាពបង្កប់កម្រិត ១ ទទួលបានចំណាត់ថ្នាក់ លេខ ៣ ។ និង៤.មន្ទីរពេទ្យបង្អែកចំការលើ ជាមន្ទីរពេទ្យដំណើរការសំណុំសកម្មភាពបង្គ្រប់កម្រិត ២ ទទួលបានចំណាត់ថ្នាក់ លេខ ៨ ។ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរ មន្ទីរពេទ្យជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូដោយការដង្ហែរក្បួន នៅតាមវិថីនានា នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម យ៉ាងអធឹកអធ័ម និងឱឡារឹកបំផុត

 

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម ឲ្យដឹងថា កត្តាដែលធ្វើឲ្យមន្ទីរពេទ្យ ទទួលបានជ័យលាភី ដ៏ត្រចះត្រចង់នេះ គឺដោយសារ កត្តា ៦យ៉ាង ទី១.យើងមានចក្ខុវិស័យ ដែលបានកំណត់ដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីរាជការទាំងអស់ ទី២.យើងមានបេសកកម្មច្បាស់លាស់ ពោលគឺ វាភារកិច្ចដែលគេប្រគល់ទៅបុគ្គល ឬមន្ត្រីណាម្នាក់ ដើម្បី យកទៅអនុវត្តប្រកបដោយភាពច្បាស់លាស់ ។ ទី៣.យើងមានប្រព័ន្ធគ្រប់គ្រងធនធាមនុស្ស មន្ត្រីទាំងអស់មានសីលធម៌វិជ្ជាជីវៈ មានឥរិយាបទ និងទំនាក់ទំនងល្អជាមួយអ្នកជម្ងឺ ។ ទី៤.យើងមានការចុះវាយតម្លៃ ពីក្រុមវាយតម្លៃមន្ទីរសុខាភិបាលខេត្តនានា និងមានឧបករណ៍វាយតម្លៃមន្ទីរពេទ្យរៀងរាល់ ៣ខែម្ដង ។ ទី៥.កត្តាមួយទៀត គឺកត្តាសាមគ្គីភាព ។ និងទី៦.ការកែម្អជាប្រចាំ នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ក្នុងមន្ទីរពេទ្យ ដើម្បី ឲ្យមានសោភ័ភាព និងមានបរិយាកាសល្អ សម្រាប់អ្នកជម្ងឺ ក៏ដូចជា មន្ត្រីពេទ្យ ផងដែរ ។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម  ឲ្យដឹងថា  បច្ចុប្បន្ន មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ចែកចេញជាការិយាល័យក្រោមឱវាទមន្ទីរ ៤ មន្ទីរពេទ្យខេត្ត ១ ស្រុកប្រតិបត្តិ ៩ មន្ទីរពេទ្យបង្អែកស្រុក ៨ និងមណ្ឌលសុខភាព ចំនួន ៩០កន្លែងក្នុងចំណោម មន្ទីរពេទ្យទាំង ៩ ដែលកំពដំណើរការ សំណុំសកម្មភាពបង្គ្រប់ (CPA) មានមន្ទីរពេទ្យខេត្តកំពង់ចាម សំណុំសកម្មភាពបង្គ្រប់កម្រិត ៣ (CPA3) មន្ទីរពេទ្យបង្អែកចំនួន ៤ សំណុំសកម្មភាព បង្គ្រប់កម្រិត ២ (CPA2) និងមន្ទីរពេទ្យបង្អែកចំនួន ៤ ទៀត សំណុំសកម្មភាពបង្គ្រប់កម្រិត ១ (CPAI) ក្នុងការលះបង់ អស់ពីកម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់ នាពេលកន្លងមក មន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានដាក់បេក្ខភាពមន្ទីរពេទ្យគ្រប់កម្រិតចំនួន ៤ ជាអង្គភាព ផ្តល់សេវាសាធារណៈគំរូ ថ្នាក់ខេត្ត សម្រាប់ចូលប្រឡងប្រណាំងក្នុងក្របខ័ណ្ឌទាំងប្រទេស ។  

ឯកឧត្ដម អ៊ុន ចាន់ដា បានសម្ដែងនូវការអបអរសាទរ និងចាត់ទុកថា ជាកិត្តិយសទី ២ សម្រាប់ខេត្តកំពង់ចាម ដែលអង្គភាពផ្ដល់សេវាសាធារណៈ មន្ទីរពេទ្យទាំង ៤ បានទទួលនូវជ័យលាភី បន្ទាប់ជ័យលាភី រំដួល ៣ទងរបស់ក្រុងកំពង់ចាម ឯកឧត្ដមបន្តថា ជ័យលាភីទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងជារបស់យើងទាំងអស់គ្នា ហើយទាមទារឲ្យវិស័យផ្សេងៗទៀត បង្កើនការយកចិត្តទុកដាក់ បន្តទៅមុខទៀ ពីព្រោះថា ការប្រលងប្រណាំងនេះ គឺដើម្បី បង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវា ។ ដូច្នេះ នាពេលអនាគត នឹងមានវិស័យផ្សេងៗទៀត ក្រៅពីវិស័យសុខាភិបាល និងវិស័យអប់រំ ដែលនឹងអាចដាក់ឲ្យមានការប្រលងប្រណាំងយ៉ដូចនេះ ផងដែរឯកឧត្ដមអភិបាលខេត្ត លើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះ វិស័យសុខាភិបាល ជាវិស័យដ៏មានសារៈសំខាន់ ព្រោះថា វាជាប្រតិបត្តិករផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ។ អញ្ចឹងទេ ក្នុងនាមជាប្រតិបត្តិករផ្ទាល់ ត្រូវធ្វើយ៉ាងណា ឲ្យការផ្ដល់សេវា បានកាន់តែប្រសើរ និងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ តាមរយៈនេះស្នើទៅដល់ក្រុមគ្រូពេទ្យទាំងអស់ មានការតាំងចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈមុះមុត ដើម្បី អង្គភាពរបស់យើង ក្លាយទៅជាអង្គភាពទទួលបានការគាំទ្រ និងការផ្ដល់ការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន

ក្រៅពីនោះ មន្ទីរពេទ្យ ដែលមិនទាន់ទទួលបានជ័យលាភី  សូមកុំមានការអស់សង្ឃឹម ហើយធ្វើការកែលម្អនូវចំណុចខ្វះខាត ឲ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវរៀនសូត្របទពិសោធន៍ពីមន្ទីរពេទ្យ ដែលទទួលបានជ័យលាភី និងយកទៅអនុវត្តជាក់ស្ដែង ឲ្យអស់ពីលទ្ធភាព ដោយឡែក កត្តាគន្លឹះដែលនាំឲ្យទទួលបានពិន្ទុល្អ នោះគឺ ការដាក់ពិន្ទុ ពីប្រជាពលរដ្ឋ នៅក្នុងសហគមន៍ផ្ទាល់ ដែលអង្គភាពផ្ដល់សេវានីមួយៗ ត្រូវតែយកចិត្តទុកដាក់បំផុត សារ៉ាត