ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ទី៣ ស្រុកបាធាយ


កំពង់ចាម ៖ព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយមានការនិមន្តចូលរួម ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុកបាធាយ និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសាលាគណខេត្ត ជូន ស្ត្រីមេម៉ាយទ័លលំបាក ម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

គួររំលឹកថា ប្អូនស្រី ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទ័លក្រ មានកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៤ឆ្នាំ) ក្នុងបន្ទុក។ ក្រោយប្តី ប្អូនស្រី ស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ជិត៥ឆ្នាំមកនេះ ប្អូនស្រី និងកូន ធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងខ្ទមដ៏តូច ដែលបិទបាំងដោយដែកសង្កសីចាស់ ៗ ដែលអ្នកជិតខាង បានផ្តល់អោយ នៅលើដីទំហំ ៩ម×២១ម ដែលបងស្រីបង្កើតរស់នៅក្បែរនោះ បានប្រគល់អោយជាកម្មសិទ្ធិ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ ប្អូនស្រី ត្រូវដើររើសអេតចាយ និង ជួយលាងចានឆ្នាំងតាមផ្ទះ គ្រាន់បានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមកូនតូចៗ ទាំង ២នាក់ ។

មើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនប្អូនស្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ Delta កំពុងចរាចរ វាយលុកយ៉ាងសកម្ម ដែលជាបញ្ហាប្រឈមនិងជាក្តីកង្វល់ដ៏ធំ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ពិសេសនៅក្នុងគ្រួសារ និង សហគមន៍ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូនស្រី ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១២គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕