សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០៩៩ នាក់


សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០៩៩ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២២ នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃអង្គារទី៣ ខែតុលា ២០២៣៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ម្ចាស់ទីតាំង, និងក្រុមហ៊ុន សហគ្រាសទាំងអស់ ដែលបានជួយរៀបចំ និងសហការបានល្អប្រសើរសម្រាប់ពិធីសំណេះសំណាលនេះ ដែលសបញ្ជាក់អំពីទឹកចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់ចំពោះកម្មករ និយោជិតយើង។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់ ហើយក៏បានបញ្ជាក់ច្បាស់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នេះ បន្តអនុវត្តនូវគោលនយោបាយនៃការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដូចថ្នាក់ដឹកនាំជំនាន់មុន ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺអត់ថយក្រោយទេ ហើយមានតែបន្ត និងខិតខំឱ្យកាន់តែសកម្ម និងបម្រើផលប្រយោជន៍ជូនជាតិ និងមាតុភូមិបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន អបអរសាទរដល់បងប្អូនកម្មករ និយោជិតទាំងអស់ ដែលទទួលបាននូវការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤ដុល្លារបន្ថែម ស្មើនឹង ២០៤ ដុល្លារក្នុងមួយខែ ដែលជាប្រាក់ខែគោល ដោយនឹងអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២៤ តទៅ។ ជាមួយនឹងការអបអរសាទរនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចរចា និងបង្កើនប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ជាមួយនឹងក្រុមប្រឹក្សាភិបាលជាតិប្រាក់ឈ្នួលអប្បបរមា ដែលមាន ៣ ភាគី៖ (១) តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, (២) តំណាងនិយោជក និង (៣) តំណាងសហជីព ។ ក្នុងកាលៈទេសៈនេះ យើងលំបាកទាំងអស់គ្នា ក៏ប៉ុន្តែដោយឈរលើគោលការណ៍ “ចែកគ្នារស់ និងជួយគ្នារស់” ទើបយើងអាចរួមគ្នា និងយោគយល់គ្នាខ្ពស់ ហើយឈានដល់ការសម្រេចចេញបាននូវការដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ៤ ដុល្លារនេះ បើទោះបីជាតិច ប៉ុន្តែហោចណាស់យើងទទួលបានពិត ជាពិសេសយើងក៏អាចបន្តរក្សាការងារបានទៅមុខទៀត ដោយកម្មករ និយោជិត បន្តមានការងារធ្វើដោយមានប្រាក់ខែកើន ហើយរោងចក្រ សហគ្រាស ក៏អាចនឹងបន្តដំណើរការបាន និងបន្តជ្រើសរើសកម្ពុជា ជាដៃគូរសហការក្នុងការវិនិយោគផងដែរ នៅក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ។

ជាមួយនឹងសមិទ្ធផល និងការសាទររីករាយខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋនៅ
ទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖ ១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣) រាជរដ្ឋាភិបាលបន្តគោលការណ៍ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ , ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង ៧ម៉ឺនដុល្លារ , ពន្ធប្រថាប់ត្រាពី ឳពុកម្តាយ មកកូន, យាយតាមកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក, ពន្ធផ្លូវសម្រាប់ទោចក្រយានយន្ត និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្មទាំងផ្សាររដ្ឋ និងឯកជនអាចមានសិទ្ធិក្នុងការផ្ទេរកម្មសិទ្ធិ។