សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ពង្រឹងសមត្ថភាពមន្រ្តីនៃការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត


កំពង់ចាម៖ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត រៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២១-២២ ធ្នូ ឆ្នាំ២០២២ ស្តីពី “ភាពជាអ្នកដឹកនាំ និងអ្នកគ្រប់គ្រង” និង “ការតាក់តែងលិខិតរដ្ឋបាល និងការរៀបចំរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សារាជធានី ខេត្ត” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់ប្រធាន អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ប្រមាណ ៥០ នាក់ ដើម្បីគាំទ្រដល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត និងការបណ្តុះបណ្តាលនានានៅតាមកម្រងទាំង ៥ ដែលរៀបចំដោយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្នុងពិធីបើកក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ គ្រូបណ្តុះបណ្តាលមានចំនួន ៣ រូប ក្នុងនោះមួយរូបជាអ្នកឯកទេសអភិវឌ្ឍន៍សមត្ថភាពឯករាជ និង ២ រូប មកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ។

ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចបាននូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឳ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម (មាត្រា ២៩ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ, ឆ្នាំ២០០៨)។

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (Democratic Development) គឺជាការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណៈ ៨ យ៉ាង៖ ភាពជាតំណាងសាធារណៈ (Public Representation) ស្វ័យភាពរបស់មូលដ្ឋាន (Local Autonomy) ការពិគ្រោះបោយល់ និងការចូលរួម (Consultation and Participation) ឆ្លើយតប និងគណនេយ្យភាព (Responsiveness and Accountability) លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន (Promotion of Life Quality of the Local Residents) លើកស្ទួយសមធម៍ (Promotion of Equity) តម្លាភាព សុច្ចរិតភាព (Transparency and Integrity) និង វិធានការប្រឆាំងអំពើពុករលួយ (Measures to Fight Corruption and Abuse of Power)។

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។