ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម


កំពង់ចាម៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ កាលពីពេលថ្មីៗកន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច ម្រាប់សមាជិកសមាជិការគណបក្សស្រុកស្ទឹងត្រង់ យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខានតែបាន។ ក្រោយ ឯកឧត្តម អ៊ុ ន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ លោក ឈិត សុខុន ប្រធានគណៈកម្មាធិការបក្សស្រុកស្ទឹងត្រង់ ក៏បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកស្ទឹងត្រង់ បានអញ្ជើញទៅបោះឆ្នោតចំនួន ៥១,១៨៥នាក់ ស្មើ ៧៨.០២% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ៣៨.៣៧១ សម្លេង ស្មើនឹង ៧៦.៤០% ធៀបនឹងសមាជិកបក្សមានឈ្មោះបោះឆ្នោត ។

ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សប្រជានកម្ពុជាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឯកត្តម ខ្លូត ផន អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្ត្តកំពង់ចាមព្រមទាំងសមាជិកសមាជិកាថ្នាក់ជាតិ និងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត សរុបប្រមាណជាង ៦០០នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។