អភិបាល ខេត្តកំពង់ចាម ស្នើឲ្យបេក្ខជនទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងជូនពរ ប្រលងជាប់ទាំងអស់គ្នា


ក្នុងឱកាសបើកវិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ស្នើឲ្យបេក្ខជនទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងជូនពរ ប្រលងជាប់គ្រប់ៗគ្នា ។

នាឱកាសនោះ ឯកឧត្តម អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃ ដែលក្មួយ ត្រូវបញ្ចេញសមត្ថភាព តាមរយៈ ការសិក្សារៀនសូត្រ អសើរយៈពេល ១២ឆ្នាំ កន្លងទៅ ឲ្យអស់ពីលទ្ធភាព ដើម្បី ទទួលបានលទ្ធផលល្អប្រសើរ ជូនខ្លួនឯង ឪពុក ម្ដាយ ក៏ដូចជា សាលារៀន និងសហគមន៍មូលដ្ឋាន ផងដែរ ម្យ៉ាងវិញទៀត នៅពេលប្រលង សូមកុំឲ្យមានការតក់ស្លុត ភិតភ័យ និងក្ដីបារម្ភឲ្យសោះ ព្រោះថា ពេលនេះ យើងបានពង្រាយកម្លាំងការពារ លើផ្នែកសន្តិសុខ និងសុវត្ថិភាពសាធារណៈ ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការប្រលងរយៈពេល ២ថ្ងៃ នេះ ប្រព្រឹត្តទៅ ដោយរលូន និងសម្រេចលទ្ធផលជោគជ័យ ។

ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវកំណែទម្រង់លើវិស័យអប់រំ ដែលផ្ដល់ឱកាសសព្វបែបយ៉ាង សម្រាប់សិស្សនុសិស្ស បញ្ចេញនូវសមត្ថភាព ពិតប្រាកដ តាមរយៈ ទិសស្លោក «អ្នកចេះ គឺជាប់» ហើយកំពុងត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តអនុវត្ត ជាប្រចាំ ជាពិសេស ការរឹតបន្តឹងនូវបទបញ្ជាផ្ទៃក្នុង នាពេលដំណើរប្រលងម្ដងៗ ធ្វើឲ្យគុណភាពអប់រំ កាន់តែប្រសើរឡើង ជារៀងរាល់ឆ្នាំ ។ អញ្ចឹងទេ សូមឲ្យក្មួយៗ កុំគិតថា មានការអន្តរាគមន៍សូកប៉ាន់ណាមួយ ដែលនាំឲ្យជាប់នោះឡើយ ។ ការប្រលងនេះ គឺបានធ្វើឡើងដោយភាពតឹងរឹង ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលលទ្ធផលនេះ បានឆ្លុះបញ្ចាំងពីភាពវិជ្ជមាន អស់រយៈពេល ៦ឆ្នាំ ស្មើនឹងចំនួន ៧លើក រួចមកហើយ ។ ដូច្នេះ សូមឲ្យក្មួយជាបេក្ខជនទាំងអស់ ព្យាយាម និងយកអស់ពីសមត្ថភាព និងសូមជូនពរ ប្រលងជាប់ទាំងអស់គ្នា

តាមរបាយការណ៍ សង្ខេបស្ដីពីស្ថាន នៃការប្រលង របស់ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨២០១៩ ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។ ចែកចេញជា ១៤មណ្ឌល ស្មើនឹង ៣៣១បន្ទប់ មានបេក្ខជនប្រឡង សរុប ចំនួន ៨.១៩២នាក់ ស្រី ៤.៤៧៥នាក់ (ក្នុងនោះសិស្សអវត្តមាន ចំនួន ៧នាក់ ស្រី ៥នាក់) ៕ សារ៉ាត