លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដ បានអញ្ជើញចូលរួមកម្មវិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម


កំពង់ចាម៖នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត។ កម្មវិធីនេះមានការចូលរួមពី លោកនាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធានការិយាល័យបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការរបស់មន្ទីរទេសចរណ៍ខេត្តផងដែរ។

បន្ទាប់ពីលោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត បានអានដីការរបស់រដ្ឋបាលខេត្ត និងពិធីប្រគល់ដីការតែងតាំងរួច លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ផ្ដាំផ្ញើដល់ លោក លោកស្រី មន្ត្រីរាជការ ដែលត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែង នាពេលនេះ គឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជូនថ្នាក់ដឹកនាំ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ, ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល
រួមទាំងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល ត្រូវមានទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ សាមគ្គីភាពល្អក្នុងអង្គភាព និងកិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព ជាមួយគ្នានេះក៏ត្រូវខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ៕