ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសចេញញត្តិគាំទ្រពេញទំហឹង ការកំណត់សញ្ជាតិតែមួយ សម្រាប់តំណែងកំពូលថ្នាក់ជាតិ


កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទៅរស់នៅក្នុងខេត្ត នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ នេះ បានចេញប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់បុគ្គលដែលកាន់តំណែងកំពូលរបស់ស្ថាប័នជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់។  ក្នុងញាតិគាំទ្រចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ របស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទៅរស់នៅក្នុងខេត្តកំពង់ចាម បានកោតសរសើរដោយស្មោះ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះឆន្ទៈមុតមាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយគតិបណ្ឌិតខ្ពស់ តម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំបំផុត ដែលបានផ្ដួចផ្ដើមឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយគត់ សម្រាប់តំណែងកំពូលៗរបស់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ការសម្រេចចិត្តដ៏មោះមុតនេះ រួមនឹងសកម្មភាព និងពលីកម្មដ៏ធំធេងរបស់សម្តេចតេជោកន្លងមក គឺបានបញ្ជាក់ឲ្យឃើញច្បាស់ថា សម្ដេចតេជោបានឈរនៅខាងប្រជាជនខ្មែរ ទទួលខុសត្រូវ និងការពារផលប្រយោជន៍ជាតិខ្មែរនៅគ្រប់កាលៈទេសៈទាំងអស់ ។

 

ក្នុងញាត្តិគាំទ្រ របស់ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា៖ « ខ្ញុំយល់ឃើញថា មានតែថ្នាក់ដឹកនាំកំពូលរបស់ជាតិដែលមានសញ្ជាតិខ្មែរ មិនលាយឡំជាមួយសញ្ជាតិបរទេសនោះទេ ទើបសក្តិ៍សមជាអ្នកតំណាង របស់ប្រជាជាតិ ការពារ និងទទួលខុសត្រូវ ចំពោះផលប្រយោជន៍ និងវាសនារបស់ប្រទេសជាតិយ៉ាងពិតប្រាកដ »។ ម្យ៉ាងទៀត ប្រវត្តិសាស្ត្រក៏បានបង្រៀនអោយយើងទាំងអស់គ្នាបានឃើញច្បាស់ថា គ្រប់កាលៈទេសៈដែលប្រទេសជាតិជួបការលំបាក គឺមានតែជនជាតិខ្មែរទេ ដែលឈរនៅខាងប្រជាជាតិខ្មែរ និង រួមសុខរួមទុក្ខជាមួយគ្នាជារៀងដរាប ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការ គោរពដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្នូលដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា និងជាមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំ ប្រទេសប្រកបដោយ គតិបណ្ឌិត ឈ្លាសវៃ និងភាពអង់អាចក្លាហាន សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ជូនជាតិមាតុភូមិ ។


កាលពីព្រឹកថ្ងៃទី៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំធ្វើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យអ្នកកាន់តួនាទីជាថ្នាក់ដឹកនាំប្រទេសត្រូវមានសញ្ជាតិខ្មែរតែមួយគត់ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។ សម្ដេចបានលើកឡើងថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន» ៕