សប្បុរសជន បន្តចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវី-១៩


កំពង់ចាម ៖ដោយការជឿជាក់លើការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានសប្បុរសជនមួយចំនួនបានចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ ។

អភិបាលខេត្ត និងជាបនរធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

គូសបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តបានទទួលនាពេលនោះ រួមមាន:

-សភាពាណិជ្ជកម្ម កំពង់ចាម-មណ្ឌលគិរី ដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន ឧបត្ថម្ភ ថ្នាំព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤០០ ប្រអប់ ។
-ក្រមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខាត់ កុសល ឧបត្ថម្ភ ម៉ាសចំនួន ៥ កេស -អាល់កុល ៨ កាន ទឹកបរិសុទ្ធ ៣១ កេស និងថវិកាចំនួន ៧៤០.០០០ រៀល ។
-លោក ជួន រតនាវង្ស និងភរិយា ឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន ២០០ យួរ ៕