លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្អូនស្រី ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ២ខ្នង


កំពង់ចាម ៖នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា រួមដំណើរអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្អូនស្រី ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មូលហេតុដោយសារ តែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តី ញៀនថ្នាំ ញៀនស្រា បង្កជម្លោះ ហើយដុតបំផ្លាញផ្ទះខ្លួនឯង ឆេះខូចខាតទាំងស្រុងតែម្តង ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានសម្តែងការសោកស្តាយជាមួយប្អូនស្រី ជាម្ចាស់ផ្ទះ ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយបាត់បង់ទាំងលំនៅ ទាំងទ្រព្យសម្បត្តិ សម្ភារអាជីវកម្ម លុយកាក់ ដែលខំសន្សំទុករាប់ឆ្នាំមកហើយ ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា។

លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣កុំ ៣ការពារ និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាតនៃ វីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ដ៏កាចសាហាវនេះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារៈផ្ទះបាយ សម្ភារៈដំណេក និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែក ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបត្ថម្ភថវិកា ១,០០០,០០០ រៀល ហើយ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវ អង្ករ ៥០គក្រ , មី ១កេស និងថវិកា ១០០,០០០រៀល ផងដែរ៕