អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម


កំពង់ចាម​៖នៅព្រឹកទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត -ប្រធាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត- ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត- អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ដែលពិធីនេះប្រព្រឹត្តឡើងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តកំពង់ចាម សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល តាមទីតាំងចំនួន២២ កន្លែង មានដូចខាងក្រោម៖

១.ក្រុមកំពង់ចាម ១ទីតាំង
– មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

២.សស្រុកកំពង់សៀម ២ទីតាំង
-មណ្ឌលសុខភាពអំពិល (ឃុំអពិល)
-មណ្ឌលសុខភាពកោះរកា (ឃុំកោះរការ)

៣.ស្រុកចំការលើ ៣ទីតាំង
-មណ្ឌលសុខភាពស្ពឺ (ឃុំស្ពឺ)
-មណ្ឌលសុខភាពចំការដូង (ឃុំចំការអណ្ដូង)
-មណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)

៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង
-មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ (ឃុំព្រែកកក់)
-មណ្ឌលសុខភាពពាមកោះស្នា (ឃុំពាមកោះស្នា)
-មណ្ឌលសុខភាពមេសរជ្រៃ (ឃុំមេសរជ្រៃ)

៥.ស្រុកព្រៃឈរ ៣ទីតាំង
-មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ (ឃុំជ្រៃវៀន)
-មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង)
-មណ្ឌលសុខភាពគគរ (ឃុំគគរ)

៦.ស្រុកជើងព្រៃ ២ទីតាំង
-មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ)
-មណ្ឌលសុខភាពស្ដើងជ័យ (ឃុំស្ដើងជ័យ)

៧.ស្រុកបាធាយ ២ទីតាំង
-វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ (ឃុំបាធាយ)
-វត្តសំវរសីល ហៅវត្តសណ្ដែក (ឃុំសណ្ដែក)

៨.ស្រុកស្រីសន្ធរ ៣ទីតាំង
-សាលាស្រុកស្រីសន្ធរ (ឃុំព្រែកពោធិ៍)
-សាលាបឋមសិក្សាអំពិល ព្រែកដំបូក (ឃុំព្រែកដំបូក)
-សាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)

៩.ស្រុកកោះសូទិន ១ទីតាំង
-មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន (ឃុំពាមប្រធ្នោះ)

១០. ស្រុកកងមាស ២ទីតាំង
-មន្ទីរពេទ្យបង្អែកស្រុកកងមាស (ឃុំពាមជីកង)
-មណ្ឌលសុខភាពស្ដៅ (ឃុំស្ដៅ)

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខាងលើត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ទន្ទឹមនេះផងដែរ ក្រោយទទួលបានវ៉ាក់រួច សូមប្អូនៗ ក្មួយៗត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ”៣ការពារ និង៣កុំ” ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កំណាចមួយនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកគួរឲ្យព្រួយបារម្ភ ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជាយើង ទាំងនៅក្នុងគ្រួសារ និងសហគមន៍ទាំងមូល៕