គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២


កំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ ខេត្តកំពង់ចាមបានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់ខ្លួនតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោកជំទាវ អនហេង លក្ខិណា ជាប្រធានអង្គប្រជុំ។

កិច្ចប្រជុំក៏មានការចូលរួមផងដែរពីលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តលោកជំទាវ ជាន ឡេងទាង អនុប្រធាន លោកស្រី លោក សមាជិកា សមាជិក គណៈកម្មាធិការ និងលោកស្រីប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុង ស្រុក ទាំង១០ផងដែរ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាមប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ក្នុងនោះក៏មានការចូលរួមយោបល់យ៉ាងផុសផុលពីសំណាក់ សមាជិកា សមាជិក ក្នុងអង្គប្រជុំទាំងមូល ហើយបានរកឃើញនូវទិសដៅសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្តក្នុងបរិបទកូវីដ-១៩នេះផងដែរ។

ចំពោះរបៀបវារៈចុងក្រោយ បញ្ហាផ្សេងៗក្នុងកិច្ចប្រជុំ លោកជំទាវប្រធានក៏បានសម្ដែងនូវការលើកទឹកចិត្ត និងបានផ្សព្វផ្សាយនូវវិធានការគិតគូរយកចិត្តទុកដាក់មួយចំនួនរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តជុំវិញបញ្ហាប្រឈមនានារបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ទូទាំងខេត្តកំពង់ចាម ព្រមទាំងបានផ្សព្វផ្សាយសេចក្ដីណែនាំផ្សេងៗរបស់ក្រសួងពាក់ព័ន្ធនឹងកិច្ចការពារ ស្រ្តី កុមារ និងជនងាយរងគ្រោះមានដូចជា៖
– ការការពារស្រ្តី និងកុមារពីការប្រើអំពើហិង្សា និងការរំលោភបំពានផ្សេងៗ ការបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ
– ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ន.ក ឃុំ សង្កាត់
– ពង្រឹងការផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ពិសេសមេរោគបំឡែងខ្លួនថ្មី(ដែលតា)
– ផ្សព្វផ្សាយឲ្យបានទូលាយអំពីការចិញ្ចឹមបីបាច់អប់រំកូនតាមបែបវិជ្ជមាន
-និងការជ្រើសរើសគ្រួសារអាទិភាពដែលត្រូវជួយជាគំនិត ជាទុន ជាជំនាញដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតរួចផុតពីភាពក្រីក្រ។