អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលបានបាក់ស្រុត ក្នុងភូមិសាស្ត្រស្រុកកោះសូទិន និងស្រុកស្រីសន្ធរ


ស្រុកកោះសូទិន៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំ មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលបានបាក់ស្រុត ក្នុងភូមិសាស្ត្រស្រុកកោះសូទិន និងស្រុកស្រីសន្ធរ និងបានចាត់ចែងលើកផែនការស្ថាបនា និងការជួសជុល ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា គម្រោងស្ថាបនា ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺត្រូវប្រើបាវ ច្រកខ្សាច់ ដោយសារធ្វើវិធីនេះ ចំណាយលុយតិច មានគុណភាពដូចប្រើថ្ម ឬចាក់បេតុងដែរ ។

គួរបញ្ជាក់ថា ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ។ ដោយឡែកនៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ប្រឈម២កន្លែង ប៉ុន្តែពីរកន្លែងនេះ ត្រូវសិក្សានៅចំណុចឃុំមានជ័យមុន ជាកញ្ចប់អតិភាពទី២ ដោយសារពាក់ព័ន្ធ និងផ្លូវគមនាគមន៍ ពោលប្រសិនបើ ចង់បាក់ដាច់កន្លែងនោះ គឺវាកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងក្នុងស្រុកស្រីសន្ធរ ទាំងមូលតែម្ដង។ ចំពោះនៅចំណុចឃុំកោះអណ្ដែត ក្នុងស្រុកស្រីសន្ធរដែរ គឺជាកញ្ចប់អាទិភាពទី៣។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា ចំពោះពេលវេលាស្ថាបនា បន្ទាប់ពីការសិក្សានិងលើគម្រោង នៃច្រាំងទន្លេ ជាតំបន់ ដែលប្រឈមដូចខាងលើ អាចចាប់ផ្ដើមស្ថាបនានៅដើមឆ្នាំ២០២៤ ៕