ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ១គ្រួសារ រស់នៅភូមិអង្គរបាន ទី៣


ស្រុកកងមាស៖នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ១គ្រួសារ រស់នៅភូមិអង្គរបាន ទី៣ ឃុំអង្គរបាន ស្រុកកងមាស ដែលទទួលរងគ្រោះ ដោយអគ្គីភ័យឆាប់ឆេះផ្ទះអស់ទាំងស្រុង។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលវាបានបំផ្លាញលំនៅដ្ឋាន និងបាត់បង់ជីវិតកូន ០៣នាក់ ថែមទៀត ។ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងតែបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារ សូមកាត់ចិត្ត និងក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ តាមរយៈ ការរស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល «៣កុំ ៣ការពារ» និងចូលរួមចាក់វ៉ាក់សាំងដូសជម្រុញ ឲ្យបានគ្រប់ៗគ្នា ។

គួរបញ្ចាក់ថាកាលពីម៉ោង ៣.៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ មានករណីអគ្គីភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្មែឥស្លាម ១គ្រួសារ ដែលមានប្ដី ឈ្មោះ យ៉ា អែល អាយុ ៥៦ឆ្នាំ មានប្រពន្ធ និងកូន ០៥នាក់ រស់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើង ដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ធ្វើពីថ្មខាងក្រោម ឈើលើប្រក់ក្បឿង ទំហំ ៦គុណនឹង ៨ម អស់ទាំងស្រុង ។ តាមប្រភពឲ្យដឹង ពីក្រុមគ្រួសាររងគ្រោះ ឲ្យដឹងថា ភ្លាមៗនោះ ឪពុកម្ដាយទាំង ២ ក៏បានពរកូននៅតូចៗ ២នាក់ ហើយក៏ស្ទុះទៅដាស់កូនកំពុងគេងលង់លក់ ៣នាក់ទៀត ដែលដេកក្នុងបន្ទប់ជាមួយគ្នា តែដោយបន្ទប់ចាក់សោរខាងក្នុង មិនអាចសង្រ្គោះបាន។ ម៉្យាងដោយសារអំណាចភ្លើង បានឆេះខ្លាំងពេញបន្ទុក បុរសជា ក៏បង្ខំចិត្តធាក់បង្អួចលោតចុះមកដី បណ្តាលឲ្យរងរបួសជាទម្ងន់ ។ ជាអកុសល កូនស្រី -ប្រុស ទាំង ០៣នាក់ មានអាយុ ១៧ឆ្នាំ – ១៥ឆ្នាំ និង ១០ឆ្នាំ ) ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោចអធម ។ ដោយឡែក នាបច្ចុប្បន្ន បុរសជាប្តីឈ្មោះ អែល យ៉ា កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនពលរដ្ឋរងគ្រោះខាងលើ រួមមាន ៖ អង្ករ ១០០ គក្រ មីជាតិ ២កេស ត្រីខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ទឹកតី ២យួរ ទឹកស៊ីអ៊ីវ ២យួរ តង់ ១ អាវយឺត ១០ និងថវិកា ចំនួន ២.០០០.០០០រៀល ។ ដោយឡែក ឯកឧត្តម ហង់ជួន ណារ៉ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកងមាស បានឧបត្ថម្ភ បន្ថែម នូវអង្ករ ៥០គក្រ មី ២កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ តង់ មុង ភួយ ខ្នើយ និងកន្ទេល ១ ព្រមទាំង ថវិកា ១.០០០.០០០រៀល ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម