អភិបាលខេត្តកំពង់ចាម លើកយកគោលការណ៍គ្រឹះសំខាន់ ចំនួន ៣ចំណុច ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយ មានស្ថេរភាព និងការរីកចម្រើន


កំពង់ចាម៖ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់គណៈកម្មាធិការ ជំរុញចលនាភូមិមួយ ផលិតផលមួយ នាសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្ត បានមានប្រសាសន៍សំណេះសំណាល និងសង្កត់ធ្ងន់ថា ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយ មានស្ថេរភាព និងការរីកចម្រើនទៅបាន ទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ចំនួន ៣គឺ:

១-គិតជាសាកលដោយធ្វើតាមមូលដ្ឋាន:
គឺសំដៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែលអាចរកទីផ្សារបាន។

២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើក:
មានន័យថាប្រជាជនក្នុងមូលដ្ឋានអាចសម្រេចចិត្តផលិតនៅផលិតផលនានាទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិតផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះត្រូវមានភារកិច្ចសម្របសម្រួលផ្នែកបច្ចេកទេស និងទីផ្សារ។

៣-ជំរុញការអភិវឌ្ឍធនធានមនុស្ស:
កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយគឺការអភិវឌ្ឍធនធានមនុស្សហើយចលនានេះនឹងពុំអាចទទួលជោគជ័យបានឡើយប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ។ ដូច្នេះជាការចាំបាច់ត្រូវអភិវឌ្ឍន៍សហគមន៍មួយដោយត្រូវឆ្លើយតបប្រកបដោយច្នៃប្រឌិត រស់រវើកក្នុងខណៈពេលដែលមានការប្រឈមនឹងការលំបាកឬហានិភ័យផ្សេងៗ។៕