ពិធីបញ្ចូលសមាជិកគណបក្សថ្មី ដែលសុំលាឈប់ពីគណបក្ស ខ្មែរស្រឡាញ់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម


កំពង់ចាម​៖នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០២២ នេះ មានរៀបចំប្រារព្វពិធីបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ១៥១ នាក់ ស្រី៦១ នាក់ ដែលបានសុំលាឈប់ពីសមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ មកពីស្រុកចំនួន៥ គឺ ស្រុកកងមាស,បាធាយ,ជើងព្រៃ,ព្រៃឈរ និងស្រុកចំការលើ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួចមក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍ប្រកបដោយក្ដីរីករាយនិងស្និទ្ធស្នាលបំផុតចំពោះបងប្អូនដែលមានស្មារតីភ្ញាក់រលឹក វិលមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាស្រ័យដោយបានមើលឃើញពីភាពដឹកនាំត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត បានមានមតិផ្ដាំផ្ញើចំពោះសមាជិគណបក្សថ្មីដូចតទៅ ៖
១. សូមបងប្អូនបន្តធ្វើចលនាអូសទាញ មិត្តភ័ក្ដ សាច់ញាតិនៅក្នុងគណបក្សដ៏ទៃ ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។
២. សូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត កុំក្បត់គណបក្ស បងប្អូនក្នុងគណបក្សទទួលបងប្អូនដោយស្មារតីសាមគ្គី ដោយមិនមានការរើសអើង ។
៣.សូមជ្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕