ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព»


«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព»
============
នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រឆាំងការជួញដូរមនុស្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព» ដែលពិធីនេះធ្វើឡើងនៅក្នុងបរវេនវិទ្យាល័យហ៊ុនសែនព្រែកកក់ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំង១០ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ថ្លែងថា នៅឆ្នាំ២០២២ នេះ យើងមានឱកាសជាថ្មី ក្នុងការរៀបចំ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព» ដែលស្របទៅទស្សនវិស័យ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បី ជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ក្នុងរយៈពេលវែង ។ ជាមួយនោះ ឯកឧត្ដម ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ វត្តមានលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងកម្មវិធី ដ៏មានសារៈសំខាន់ នាថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងការជួញដូរមនុស្សខេត្ត បានសង្កត់ធ្ងន់ថា «ខ្ញុំនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះ ជនជាមេខ្យល់ទាំងឡាយ ហើយខ្ញុំ ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូន ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាពិសេស កងកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាន សូមចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ហើយខ្ញុំនឹងមិនលើកលែងជាច់ខាត ចំពោះ ជនទាំងឡាយណា ដែលលូកដៃអន្តរាគមន៍ ឱ្យមានការដោះលែងចំពោះ ជនល្មើសក្នុងអំពើជួញដូរមនុស្សនេះ»៕