សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់


នៅព្រឹក ថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំប្រកបដោយភាពជោគជ័យ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សម្តេចតេជោក៏បានថ្លែងថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យ ឌីជីថល នៅក្នុងវិស័យនានា រួមទាំងការសិក្សាផងមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញផងដែរ។សម្តេចតេជោ បានមានប្រសាសន៍ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ ដោយបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ហើយបើគ្មានធធាននុស្ស ក៏គ្មានការអភិវឌ្ឍន៍ដែរ។

សម្ដេចតេជោបានមានប្រសាសន៍ថា នៅវេលាម៉ោង៤រសៀលថ្ងៃនេះ សម្តេចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អាណាព្យាបាល និងសាច់ញាតិ ដែលបានឧបត្ថម្ភ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់កូន ភរិយា ឬស្វាមី។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយ។សម្តេចតេជោ ក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងអាចបោះឆ្នោតបាន។ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះជ័យលាភីទាំងអស់របស់និស្សិតនៅថ្ងៃនេះ និងជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យជាបន្តទៀតទាំងក្នុងការសិក្សា និងការងារនាពេលខាងមុខ៕