ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យលំនៅស្ថានត្រូវបិទខ្ទប់ចំនួន៤៥ខ្នងផ្ទះ ដែលបានឆ្លងកូវីដ-១៩ នៅស្រុកស្រីសន្ធរ


នៅព្រឹកទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមចំនួន៣ រូប គឺ ៖ លោកជំទាវ ខុង ស៊នអេង លោកជំទាវ ស្រី គឹមឆយ និងលោកជំទាវ កុល ធារិន អមដោយក្រុមការងារចម្រុះខេត្ត, អាជ្ញាធរស្រុកស្រីសន្ធរ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងលំនៅដ្ឋានបិទខ្ទប់ដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៥ ខ្នងផ្ទះ ស្មើ ១១ភូមិ ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ និងបានដាក់ចេញជាវិធានការបន្ទាន់ ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលឲ្យបានទាន់ពេលវេលា ជៀសវាងកុំឲ្យមានការរាលដាលពីតាមខ្នងផ្ទះ ទៅជាការរាលដាលជាលក្ខណៈសហគមន៍។
ក្នុងឳកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ជូនដល់រដ្ឋបាលស្រុកស្រីសន្ធរ ដើម្បីចាត់ចែងក្នុងយុទ្ធនាការខាងលើឲ្យទទួលបានជោគជ័យ។