ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែពង្រឹងឯករាជ្យម្ចាស់ការ របស់ប្រទេសនោះទេ តែក៏ដើរតួនាទីសំខាន់ជំរុញការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្មពេលបច្ចុប្បន្ន


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។

ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលនិស្សិតជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និងក៏ជាមោទនភាពមួយដ៏ធំធេងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង កាន់តែមានធនធានមនុស្សប្រកបដោយសក្តានុពលបន្តកើនឡើង។

ឯកឧត្តមបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលស្ថានការណ៍ និងដាក់ទិសដៅបន្ទាន់ ដោយរៀបចំឱ្យមានការបង្រៀនតាមអនឡាញ និងសូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមសម្របសម្រួលបត់បែនតាមកាលៈទេសៈនេះ។ ក្នុងន័យនេះ ស្ថានភាពនៃវិបត្តិកូវីដ១៩ ពិតជាបានពន្លឿននូវការចាប់ យក បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការរៀនសូត្រ ដែលជានិន្នាការសាកល។ យ៉ាងណាក៏ដោយ ទាំងបច្ចុប្បន្ន និងតទៅអនាគត រាជរដ្ឋាភិបាលក៏នៅបន្តកសាងសាលារៀន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញ និងរក្សាសន្ទុះនៃការសិក្សាដោយផ្ទាល់នៅក្នុងសាលា ដែលនៅតែជាការងារសំខាន់ជាអាទិភាព ពីព្រោះការអប់រំត្រូវមានលក្ខណៈមូលជុំគ្រប់ជ្រុងទាំងអស់តាមរយៈសកម្មភាព ទំនាក់ទំនង និងការគិតពិចារណា ទើបអាចធានាបាននូវប្រសិទ្ធភាពជាក់ស្តែងទាន់ពេលវេលា។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិ ដែលកើតឡើងក្រោយឆ្នាំ១៩៧៩ ដោយផ្អែកលើការផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ និងចក្ខុវិស័យលើវិស័យអប់រំតាំងពីជំនាន់នោះមក គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព លទ្ធភាព គុណធម៌ និងសីលធម៌ និងដែលបានចូលរួមក្នុងការដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេសដោយឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ទាំងផ្នែករដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាមោទនភាព ហើយដែលយើងត្រូវរួមគ្នាបន្តពង្រឹងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ធនធានមនុស្សម្នាក់ គឺជាសសរមួយដើមដែលទ្រទ្រង់ប្រទេសជាតិ ជាពិសេសសរជំនាន់ថ្មីៗដែលទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ គឺត្រូវខិតខំកសាងពង្រឹងខ្លួនឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងទទួលបន្ទុកភារកិច្ចបន្តកសាងប្រទេស ដែលចេះតែរីកចម្រើនធំធាត់»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវប្រើពេលវេលាខ្លះដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើយើងមានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នាដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍ ខុសពីកំណើន។ កំណើនសំដៅតែទៅលើការកើនឡើងតួលេខ ឬលទ្ធផលប៉ុណ្ណោះ។ រីឯការអភិវឌ្ឍ គឺត្រូវពឹងផ្អែកទៅលើការកែប្រែប្រព័ន្ធការងារក្នុងការដឹកនាំគ្រប់គ្រង, ផ្នត់គំនិត និងវិធីសាស្ត្រ ពីលក្ខណៈប្រពៃណីដោយឈានទៅទំនើបកម្ម ព្រមទាំងការប្រែប្រួលរបៀបរបបធ្វើការទាំងលក្ខណៈបុគ្គល និងស្ថាប័ន ដើម្បីអាចធានាបាននូវចីរភាព និងនិរន្តរភាពយូរអង្វែង។ ក្នុងន័យនេះ ការអភិវឌ្ឍមិនអាចនៅនឹងថ្កល់នោះទេ ហើយទាមទារឱ្យមានប្រព័ន្ធអប់រំមួយរស់រវើស ដែលត្រូវជំរុញទាំងការសិក្សារៀនសូត្រដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងការរៀនក្នុងបរិយាកាសខាងក្រៅ តាមប្រព័ន្ធសាលារៀន និងកន្លែងធ្វើការ ជាដើម។