ចំនួនភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្ត ខេត្តកំពង់ចាម មានការកើនឡើង នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩ នេះ


ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩ នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ បានទៅកាន់ទីអារាមនានា ភ្ជាប់ជាមួយនូវទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យ  ប្រគេនព្រះសង្ឃ ដែលជាស្រែបុណ្យ ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខ័ន្ធជីដូនជីតា ញ្ញាតិការទាំង ៧ សណ្ដាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខនោះ ។ ទន្ទឹមជាមួយនោះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏បានមកដើរកំសាន្តលំហែកាយ នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា ក្នុងខេត្ត មានការកើនឡើង ។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ប្រាបអ្នកព័ត៌មាន យើងថា នាឱកាស បុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានប្រជាជន បានមកដើរកំសាន្តលំហែកាយ នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា ក្នុងខេត្តសរុបប្រមាណជា ៤១.៩៩១នាក់ កើនឡើង ១% នៃឆ្នាំកន្លងទៅ ។ លោកប្រធានមន្ទីរ បញ្ជាក់ដែរថា នាឱកាស ៣ថ្ងៃ នៃថ្ងៃបិណ្ឌភ្ជុំនោះ ភ្ញៀវបានមកលេងរមណីដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ និងរមណីដ្ឋានកែច្នៃ ទាំង កន្លែង របស់នៅក្នុងខេត្តកំពង់ចាម ក្នុងនោះ មាន ៖ ១.រមណីដ្ឋានទឹកឆា ២.រមណីដ្ឋានភ្នំប្រុស ភ្នំស្រី ៣.ប្រសាទនគរបាជ័យ ៤.ភ្នំហាន់ជ័យ ៥.ភ្នំជើងព្រៃ ៦.បឹងធំ និង៧.ទំនប់តាកុដ ។ ចំពោះ ទំនិញវិញ លោកថា ការលក់ដូរ ក៏ដូចជា តម្លៃទំនិញ ពុំសូវមានការកើនឡើងថ្លៃ ហួសប្រក្រតីឡើយ ។

ជាងនេះទៅទៀតនោះ រាល់សេវាកម្មម្ហូបអាហារ ក្នុងវិស័យខាងលើ បានដំណើរការធម្មតា ដោយពុំមានការតម្លើងតម្លៃឡើយ ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក៏បានលើកការអះអាងផងដែរ អំពីសកម្មភាពផ្សេងៗ នៅតាមរមណីដ្ឋាននានា ក្នុងឱកាស នៃពិធីបុណ្យប្រពៃណីជាតិ ដ៏ធំមួយនេះ ដោយគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី រៀបចំរមណីដ្ឋាន ប្រសាទបុរាណ កន្លែងសម្រាប់ប្រជាជនកំសាន្ត និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងទេសចរបានល្អប្រសើរ ដោយពុំមានគ្រោះថ្នាក់កើតឡើងឡើយ ។