ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញបើកសិក្ខាសាលាស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម


ស្រុកជើងព្រៃ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកសិក្ខាសាលាស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ និងមន្រ្តីពាក់ព័ន្ធផងដែរ។


មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលាស្តីពី សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នោះដែរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោកបីឆ្នាំរំកិល(២០២៣-២០២៥) នៅស្រុកជើងព្រៃ នេះ ជាមួយគ្នានោះដែរ ឯកឧត្តមបានសំដែងការអបអរសាទរចំពោះ ការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ មន្ទីរ អង្គភាពជុំវិញខេត្ដ អង្គការមិនមែនរដ្ឋាភិបាល សមាគមន៍ បានមកចូលរួមដើម្បីផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពរបស់ឃុំ-សង្កាត់ នៅក្នុងស្រុកជើងព្រៃ។

ទាំងនេះបានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចជោគជ័យនូវការអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តទៀតថា សិក្ខាសាលានៅថ្ងៃនេះពិតជាមានសារៈសំខាន់ ពីព្រោះបានបង្ហាញពីការអនុវត្ដតួនាទីរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ ដោយឡែកសិក្ខាសាលាសមាហរណកម្មនាពេលនេះ ជាសូចនាករ មួយបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកការបន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ជាចុងបញ្ជប់ឯកឧត្តមសង្ឃឹមថា ដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលស្រុកជើងព្រៃប្រព្រឹត្ដិទៅតាមកម្មវិធីគ្រោងទុក និងទទួលបានលទ្ធផលខ្ពស់សម្រាប់អនុវត្តទៅតាមមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់។