ពិធីសម្ពោធស្ពានបេឡេ ប្រវែង១៥ម៉ែត្រ នៅព្រុំប្រទល់ឃុំអូរស្វាយ និងឃុំទ្រាន ក្នុងស្រុកកំពង់សៀម


នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៥ វេលាម៉ោង៨,០០ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេឡេមួយកន្លែងប្រវែង១៥ម៉ែត្រស្ថិតនៅព្រុំប្រទល់ឃុំទ្រាន និងឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំអូរស្វាយ និងឃុំទ្រាន និងប្រជាជននៃឃុំទាំងពីរ ដែលមានព្រុំប្រទល់ជាប់គ្នា យ៉ាងច្រើនកុះករ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលអញ្ជើញមកយ៉ាងច្រើនកុះករ ឯកឧត្តម លន់ លឹមថៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹក ពីសម្ដេចជាថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងឃុំទ្រាន និងឃុំអូរស្វាយ ព្រមទាំងបានជម្រាបជូន អំពីសភាពការណ៍នយោបាយដែលកំពុងវិវត្តន៍ទៅថ្មីៗនេះ ជាពិសេសលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ ហើយដែលបានបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង និងសម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ជាមួយនិងការលើកឡើង អំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានឃុំ ភូមិ សំដៅលើកស្ទួយជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាជនយើង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនិងយកចិត្តទុកដាក់ក្នុងការត្រៀមសម្ភារៈឧបករណ៍ សម្រាប់ការបង្កបង្កើនរដូវវស្សាដែលបានឈានមកដល់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណបក្សខេត្ត បានចែកអំណោយជូន លោកតា លោកយាយ សីលវ័ន្ត ១០០០ នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ថវិកា៥,០០០៛ ។ លោក គ្រូ អ្នកគ្រូ ៥១ នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ២០,០០០៛ ប្រជាជនចូលរួម ៨០០នាក់ ក្នុងម្នាក់ៗ ទទួលបាន អាហារសម្រន់ នុំប៉ាំង បាក់យ៉ុង ១ដុំ ទឹកសុទ្ធ១ដប ។
កម្មវិធីនេះបានចប់សព្វគ្រប់ នៅវេលាម៉ោង ១០:០០ព្រឹក ក្នុងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង ។

IMG_0779IMG_0780IMG_0781IMG_0782IMG_0783IMG_0785IMG_0786-2