សពឥស្សរជននយោបាយកម្ពុជាដ៏ឆ្នើមមួយរូប ត្រូវបានធ្វើពិធីដង្ហែយកទៅបញ្ចុះតាមប្រពៃណីព្រះពុទ្ធសាសនា


កំពង់ចាម៖នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធី ដង្ហែ និងបញ្ចុះសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេច នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅជើងភ្នំប្រុស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីដង្ហែ និងបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានការរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាច់ញាតិបងប្អូន កូនចៅនៃសព ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានា ក្នុងព្រះរាជាណាចក្រកម្ពុជា អភិបាលរាជធានី ខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមរំលឹកថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

មរណភាពរបស់ សម្ដេចឧត្តមទេពញាណ គឺជាការបាត់បង់ នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជា ពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕