រថយន្តដាច់ហ្វ្រាំង បុករង្វង់មូលគល់ស្ពានគីហ្សូណា តែមិនបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ


រថយន្តដឹកអង្កាម  ១គ្រឿង ដាច់ហ្វ្រាំង  រេចង្កូត ទៅបុករង្វង់មូល ក្បែគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣  សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង៨ និង២០នាទី ថ្ងៃទី១៧  ខែកក្តដា  ឆ្នាំ២០១៩  តែមិនបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា  ករណីខាងលើនេះ បានបើកចុះពីលើស្ពាន ពីត្រើយខាងកើត ឆ្ពោះមកត្រើយខាងលិច ។ លុះមកដល់ចំណុចគល់ស្ពាន ស្រាប់តែដាច់ហ្វ្រាំង និងរេចង្កូតទៅបុករង្វង់មូលតែម្ដង ។ ប្រភពបន្តថា រថយន្តនេះ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B.1146 បើកបរដោយឈ្មោះ គង់ ម៉ាឡី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅៗក្នុងភូមិព្រែកស្រឡៅ ឃុំអំពិលតាពក   ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយធ្វើឲ្យបែករង្វង់មូលប្រវែង ២ម៉ែត្រ និងបាក់បង្គោល បញ្ជាទិស ចំនួន ១ដើម ព្រមទាំង ខូចខាតរថយន្ត ១គ្រឿង ក្នុងកំរិតធ្ងន់ ផងដែរ ។ ទោះយ៉ាងណា ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់នណាម្នាក់ឡើយ ។ ដោយឡែក ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានជួយសម្រួលចរាចរណ៍ និងស្ទួចរថយន្តនោះ យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បី ដោះស្រាយទៅតាមនីតិវិធី ៕