ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានចុះត្រួតពិនិត្យគម្រោងសាងសង់ច្រាំងទន្លេ ដែលបាក់ស្រុត ចំនួន ៣កន្លែង មានប្រវែង ២.០០០ម៉ែត្រក្នុងស្រុកស្រីសន្ធរនិងស្រុកកងមាសខេត្ដកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត បានដឹកនាំមន្ត្រីជំនាញ រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក បានចុះត្រួតពិនិត្យគម្រោងសាងសង់ច្រាំងទន្លេ ដែលបាក់ស្រុត ចំនួន ៣កន្លែង មានប្រវែង ២.០០០ម៉ែត្រ ស្ថិតនៅក្នុងចំនួន ២ គឺ ៖ ស្រុកស្រីសន្ធរ និងស្រុកកងមាស ត្រូវបានក្រុមហ៊ុនធ្វើការជួសជុលឡើងវិញ ។


ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម មានប្រសាសន៍ថា នាថ្ងៃនេះ ក្រុមការងារបច្ចេកទេសរបស់ខេត្ត និងក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពសំណង់ការពារច្រាំងទន្លេ នៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក និងភូមិគគីរ ស្ថិតក្នុងឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ និងនៅភូមិកោះតាង៉ោ ស្ថិតក្នុងឃុំសូរគង ស្រុកកងមាស សរុបប្រវែង ២.០០០ម៉ែត្រ ។ ឯកឧត្ដម បញ្ជាក់ថា ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត និងក្រុមការងាររបស់ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែង អំពីស្ថានភាពសំណង់ច្រាំងទន្លេ ដែលបានសាងសង់ រួចហើយ ជាពិសេស ការពិនិត្យផ្ទៀងផ្ទាត់លើស្ថានភាពប្រែប្រួល មុនរដូវទឹកឡើង និងក្រោយពេលទឹកសម្រកចុះ ។ ជាមួយនោះ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត និងក្រុមក្រុមហ៊ុន បានវាយតម្លៃរួមគ្នា ដោយឃើញថា ៖


១. ទីតាំង ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ មានការស្រុតខូចខាតបាវខ្សាច់ ដែលតម្រៀបទប់ស្កាត់ការហូរច្រោះដាច់ច្រាំង ចំនួន ០៣កន្លែង ប្រវែងសរុប ១៥០ម៉ែត្រ ។
២. ទីតាំង ភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ស្ថានភាពនៅល្អទាំងស្រុង ព្រោះទីតាំងសំណង់ច្រាំងនេះបានសាងសង់រួចរាល់ ១០០% តាំងពីមុនរដូវទឹកឡើងឆ្នាំ២០២១ មកម្ល៉េះ ។
៣. ទីតាំងភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស មានការស្រុតខូចខាតបាវខ្សាច់ ដែលតម្រៀបទប់ស្កាត់ការហូរច្រោះដាច់ច្រាំង ចំនួន ០២កន្លែង ប្រវែងប្រហែល ១០០ម៉ែត្រ ។
នាឱកាសនោះដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានស្នើឲ្យខាងក្រុមហ៊ុន ពិនិត្យ និងពិចារណា ទៅលើស្ថានភាពជាក់ស្ដែង ដើម្បី ធ្វើការកែសម្រួល និងជួសជុលការខូចខាតឡើងវិញ ដោយធ្វើយ៉ាងណា ឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី ឈានទៅអនុវត្តការសាងសង់ច្រាំង នូវជំហាន ជាបន្តបន្ទាប់ទៀត ។
ជាការឆ្លើយតប លោក ម៉ៅ សុផល តំណាងក្រុមហ៊ុនរីវើសាយ ឌីវេឡុបម៉ិន ឯ.ក ក៏បានបញ្ជាក់ អំពីជំហនៃការប្រឹងប្រែងអនុវត្តការងារនេះ ឲ្យទាន់ពេលវេលា ជាពិសេស ការជួសជុលលើគ្រប់ចំណុចខ្វះខាត ទាំង ០៣ទីតាំង ខាងលើ និងឈានទៅអនុវត្តជំហានបន្តបន្ទាប់ទៀត ទៅតាមគំនូសប្លង់ និងផែនការការងារ របស់ក្រុមហ៊ុនដែលបានកំណត់ ផងដែរ ៕