ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ចុះជួបសំណេះសំណាលមន្ត្រីរាជការ​ ក្នុង​ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ


ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់មន្ត្រីរាជការ ស្រុកកោះសូទិន ឲ្យបង្កើនល្បឿនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ឲ្យមានប្រសិទ្ធិភាព​ខ្ពស់​ និងរួមសាមគ្គីភាពគ្នាដេីម្បី​ អភិវឌ្ឍន៍មូលដ្ឋានឲ្យល្អប្រសេីរផងដែរ។ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងដូច្នេះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែល​ ឯកឧត្ដម​ ចុះជួបសំណេះ សំណាល ជាមួយក្រុមប្រឹក្សាស្រុក​ ឃុំសង្កាត់​ មន្ត្រីរាជការ​ក្នុង​ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្ដម​ អភិបាលខេត្ត បានថ្លែងបន្តថា បច្ចុប្បន្នខេត្តកំពង់ចាមមានការិយាល័យច្រកចេញចូលតែមួយចំនួន៦ ស្រុកក្រុងហើយ។ សម្រាប់ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ចាម នឹងបន្តសាងសង់ច្រក ចេញចូលតែមួយចំនួន៤ ស្រុកទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ថ្វីដ្បិតតែស្រុកកោះសូទិន មិនទាន់មានការិយាល័យច្រកចេញចូលតែមួយក៏ដោយ។

ឯកឧត្ដម​ អភិបាលខេត្ត នៅតែជំរុញឲ្យមន្ត្រីអាជ្ញាធរ បង្កើនល្បឿន នៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ចៀសវាងការរត់ការឯកសារ ផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋ មានការខាតបង់ថវិកា និងខាតបង់ពេលវេលាផងដែរ។

តាម​ឯកឧត្តម​អភិបាលខេត្ត មានសេវាច្រើនណាស់ ដែលប្រជា ពលរដ្ឋត្រូវការឲ្យមន្ត្រីអាជ្ញាធរបម្រើ នូវសេវាកតាព្វកិច្ចនេះ ដូច្នេះក្នុងនាមយើងជាមន្រ្តីយើងត្រូវតែបំពេញកាតព្វកិច្ចបំរើសេវាជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងត្រូវជៀសវាងការប្រព្រឹត្តអំពើពុករលួយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបសំណេះ សំណាលជាមួយមន្ត្រីរាជការស្រុកកោះសូទិន ឯកឧត្តម​ អភិបាលខេត្តបានបន្តដំណើរទៅជួបសំណេះសំណាល ជាមួយនឹងមន្ត្រីរាជការ ក្នុងស្រុកស្រីសន្ធរផងដែរ៕