ពិធីបញ្ចុះបឋមសិលាសាងសង់ពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តកែវមុនី ហៅវត្តថ្មី


តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជា ការកងទ័ពជើងគោក អញ្ជើញជាអធិតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តកែវមុនី ហៅវត្តថ្មី នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាល ពីថ្ងៃទី១៣ កក្កដា ២០១៩ កន្លងទៅនេះ ។

ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះ យើងបានកសាងសមិទ្ធផលរួមគ្នា ទោះបីបានតិច ឬច្រើនក្ដី យើងគួរតែមានមោទនភាព ចំពោះ សមិទ្ធផលថ្មីៗ ដើម្បី ជានិមិត្តរូប នៃការវិវត្តន៍សមិទ្ធផល នៅក្នុងមូលដ្ឋាន ទុកសម្រាប់កូនចៅជំនាន់ក្រោយ ក្នុងការបំពេញនូវសេចក្ដីត្រូវការ នៃកំណើនប្រជាពលរដ្ឋ ។ ទាំងអស់នេះ  គឺជាការយកចិត្តទុកដាក់ ការដោះស្រាយជីវភាព និងសេចក្តីត្រូវការប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល។ឯកឧត្ដមមានប្រសាសន៍ ថា ពលរដ្ឋល្អ គឺជាធនធាន សម្រាប់ប្រទេសជាតិ ពលរដ្ឋអាក្រក់ គឺជាបន្ទុករបស់សង្គម ។ មានចំណេះដឹង មានសមត្ថភាព តែគ្មានគុណធម៌ សីលធម៌ គ្មានការអប់រំផ្លូវធម៌ គឺបំផ្លាញជាតិ បំផ្លាញគ្រួសារ និងសង្គម ។ ដូច្នេះ ការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ យើងគឺផ្អែកទៅលើការអប់រំសីលធម៌ ក្នុងផ្លូវសាសនា ប៉ុន្តែការ អប់រំនេះ មិនចាំបាច់តែនៅក្នុងសាលានោះទេ គឺការបង្រៀនរបស់ព្រះសង្ឃ ការបង្រៀនប្រៀនប្រដៅ របស់ឪពុកម្ដាយចំពោះកូន នៅក្នុងគ្រួសារ គឺអប់រំឱ្យចេះរស់នៅមានអាកប្បកិរិយា ប្រកប ដោយសីលធម៌ និងការគោរពគ្នា ។ ជាក់ស្ដែង ការដឹកនាំនៅក្នុងរបប លន់ នល់ របប ប៉ុល ពត បានបំផ្លាញប្រទេស សម្លាប់ប្រជា ជន ធ្វើឲ្យប្រទេសដើរថយក្រោយ ដោយសារការដឹកនាំ មិនមានធម៌នៅក្នុងខ្លួន ។ ផ្ទុយទៅវិញចាប់តាំងពីឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃនេះ ការដឹកនាំប្រទេស គឺធ្វើយ៉ាងណាឲ្យប្រទេស មានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មានជីវភាពរស់នៅធូធារ បំពេញសេចក្តីត្រូវការ បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អ ។ នេះហើយគឺជា ការដឹកនាំប្រទេស ដោយធម៌ ដែលជាគោលគំនិត របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្ដមបញ្ជាក់ដែរថា សព្វថ្ងៃនេះ ប្រទេសយើងមានលំនឹង ប្រជាពលរដ្ឋលែងព្រួយបារម្ភពីសង្គ្រាម លែងលំបាកដូចមុនទៀតឡើយ ។ ប្រទេសជាតិ មានភាពសម្បូរ សប្បាយ និងភាពសុខដុមរមនា ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើបន្ត គឺថែរក្សាសមិទ្ធផលដែលយើងមានស្រាប់ ថែរក្សាសុខសន្តិភាព ហើយយើងបន្តចូលរួមកសាងសមិទ្ធផល ជាបន្តទៀត ។ យ៉ាងណាម៉ិញ តាមរយៈ ព្រះសង្ឃ គណៈ:កម្មាការអាចារ្យវត្ត សប្បុរសជនជិតឆ្ងាយ ក្រុមការងារគណបក្សប្រជាជនកម្ពុជា មិនដែលស្កប់នូវអ្វីដែលយើងមាននោះទេ និងមិនដែលស្កប់នូវអ្វីដែលយើងបានផ្ដល់ ឲ្យប្រជាជននោះទេ គឺយើងផ្តល់ឲ្យបានច្រើនកាន់តែច្រើនបន្តទៅ ទៀត ។ 

 នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើឲ្យប្រជា ពលរដ្ឋទាំងអស់  រួមគ្នាកសាងប្រទេស ឲ្យក្លាយជាទឹកដីមាស ទឹក ដីប្រាក់ ។ ដោយសូមផ្ដល់ការជឿទុកចិត្ត ទៅលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងជឿថា គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ គ្មានបរទេសណាស្រឡាញ់ខ្មែ រជាងខ្មែរខ្លួនឯងនោះទេ ។ ព្រោះ ថាកន្លងមក ពេលខ្មែរវាយគ្នា បរទេសគេអង្គុយសើច បើយើងមិនចេះរួបរួមគ្នា យើងនឹងវេទនា ។ ទន្ទឹមជាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្ដល់ការជឿទុកចិត្ត ចំពោះ ថ្នាក់ដឹក នាំបច្ចុប្បន្ន គឺបានបញ្ចប់សង្គ្រាម និងរូបរួមគ្នាខ្មែរដើម្បីខ្មែរ។ មួយទៀតសូមឱ្យប្រជាពលរដ្ឋ កុំទៅចូលរួមសកម្មភាព ទាំងឡាយណា ដែលខុសច្បាប់បំផ្លាញសុខសន្តិភាព ស្ថេរភាព ។ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល និងចូលរួមធ្វើអ្វីៗ ដើម្បីភាពសម្បូរសប្បាយ សម្រាប់ភូមិស្រុក របស់យើងទាំងអស់គ្នា ៕