ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំរិះរកវិធានការជាបន្ទាន់ដើម្បីជួយស្តារឡើងវិញក្នុងការសង្គ្រោះស្រូវដែលរងគ្រោះរាំងស្ងួតនៅតាមូលរដ្ឋាន


ក្នុងស្រុកចំនួន ៥ ដែលមានឃុំ៣៨ឃុំ កំពុងជួបគ្រោះរាំងស្ងួត ដែលមានផ្ទៃដីប្រមាណជាង ១៥ ៣១១ ហិកតា ក្នុងនោះផ្ទៃដីស្រូវវស្សាចំនួន ១៤ ២៣៧ហិកតា ស្រូវប្រាំង ១ ០៧៤ហិកតា។ ក្រោយពីបានពិនិត្យស្ថានភាពគ្រោះរាំងស្ងួតនៅតាមមូលដ្ឋានរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំរិះរកវិធានការជាបន្ទាន់ដើម្បីជួយស្តារឡើងវិញក្នុងការសង្គ្រោះស្រូវដែលរងគ្រោះរាំងស្ងួតនៅតាមូលរដ្ឋាន។
កិច្ចប្រជុំនេះបានធ្វើឡើងនៅ ថ្ងៃអាទិត្យ ៤ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨
មានប្រសាសន៍សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបាន
អោយមន្រ្តីជំនាញត្រូវត្រូវរិះរកវិធានការជាបន្ទាន់ ដោយត្រូវយកចិត្តទុកដាក់ពីកន្លែងរាំងស្ងួតដែលគ្មានប្រភពទឹក និងកន្លែងរាំងស្ងួតដែលមានប្រភពទឹកដើម្បីស្វែងរកវិធានការជួយសង្រ្គោះដល់ស្រូវរាំងស្ងួត។
តាមរបាយការណ៍របស់លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរឧតុនិយម ខេត្តកំពង់ចាម បានរាយការណ៍ថាការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតមានចំនួន ៦៣៤៤ហិតា។ ដោយឡែកផ្ទៃដីដែលរងគ្រោះមានទំហំជាងគេគឺនៅស្រុកព្រៃឈរដែលរងគ្រោះចំនួន ៥.០៤៩ហិតា និងមានឃុំចំនួន ៥ដែលមិនមានប្រភពទឹក ចំនួន ១.៥៧១ហិតា ផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតនាពេលនេះគឺជារឿងចាំបាច់បំផុតដើម្បីជួយដល់ប្រជាជនជាបន្ទាន់ដោយមិនអាចបង្អែរបង្អង់បានឡើយព្រោះពួកគាត់កំពុងតែត្រូវការជំនួយជាបន្ទាន់ពីសំណាក់អាជ្ញាធរនៅតាមូលរដ្ឋាន។ជាពិសេសត្រូវប្រើប្រាស់ វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប និងសកម្មភាពសរុប ក្នុងការជួយរៀបចំ ក៏ដូចជាមានលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវរាំងស្ងួតរបស់ប្រជាកសិករយើង។
ក្រោយពីកិច្ចប្រជុំចប់ឯកឧត្តម ក៏បានដឹកនាំមន្រ្តីជំនាញទៅពិនិត្យបន្តទៀតនៅតាមមូលដ្ឋានដែលកំពុងរងគ្រោះដោយគ្មានប្រភពទឹក និងមានប្រភពទឹកផងដែរ។