អភិបាលខេត្ត ជម្រុញដល់កសិករ ក្នុងសហគមន៍សំបូរមានជ័យ យកចិត្តទុកដាក់ដាំដុះស្លឹកគ្រៃឲ្យបានច្រើន ខណៈដែលទីផ្សារ នៅមាននោះ


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានជម្រុញដល់ កសិករក្នុងសហគមន៍សំបូរមានជ័យ យកចិត្តទុកដាក់ដាំដុះស្លឹកគ្រៃ ឲ្យបានច្រើនថែមទៀត ខណៈដែលទីផ្សារ នៅមាន ។ ការជម្រុញបែបនេះធ្វើឡើង ខណៈដែល ឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងលើការគ្រប់គ្រង និងប្រតិបត្តិការមុខរបរ រវាងសហគមន៍កសិកម្មសំបូរមានជ័យ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ចាម ដែលរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង BPAC នៃអង្គការ JICA សហការជាមួយជាមួយអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ ។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨នេះ ការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចងក្រងបង្កើតសហគមន៍បានចំនួន ២៨ ស្មើនឹងសមាជិក សរុប ២.៤៦៥នាក់ ។ សហគមន៍នីមួយៗ មានមុខរបរ ខុសៗគ្នា ដែលក្នុងនោះមាន ៖ មុខរបរឥណទានសហគមន៍កសិកម្ម មុខរបរផ្គត់ផ្គង់ មុខរបរទីផ្សារ និងមុខរបរផ្ដល់សេវាកម្ម ។
តាមបទបង្ហាញ របស់ លោក ឆេង ថុង ប្រធានសហគមន៍សំបូរមានជ័យ បានលើកឡើងថា សហគមន៍ បានចាប់ផ្តើម បង្កើត ដោយមានការចូលរួមពីប្រជាកសិករ ជាច្រើនគ្រួសារ ដែលដំបូងគម្រោងមានដើមទុនត្រឹមតែ ៨លានរៀល ប៉ុណ្ណោះ ។ មកដល់បច្ចុប្បន្ន សហគមន៍នេះ មានការរីកចម្រើនដល់ទៅ ១.១៧៦លានរៀល និងទទួលបានជោគជ័យជាបន្តបន្ទាប់ ខណៈដែលកាលពីមុន កសិករធ្លាប់តែមានផ្ទៃដីទំនេរនៅជុំវិញផ្ទះ ក្រោយមក ក៏បានផ្លាស់ប្ដូរ ទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត ដើម្បី បង្កើនប្រាក់ចំណូលបន្ថែម ទៅដល់សេដ្ឋកិច្ចគ្រួសារ ។
នាឱកាសនោះ ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ថា បច្ចុប្បន្ន សហគមន៍សំបូរមានជ័យ កំពុងមានការរីកចម្រើន និងជោគជ័យ ជាបន្តបន្ទាប់ ។ ដូច្នេះ ដើម្បី ភាពជោគជ័យ និងការរីកចំរើន តទៅមុខទៀត សូមឲ្យសហគមន៍ គិតគូរជាទស្សនៈវិស័យ ដោយធ្វើការដាំដុះកសិផល ផ្អែកទៅលើសក្ដានុពល ដែលយើងមានស្រាប់ ។ ការធ្វើយ៉ាងដូច្នេះ គឺបានចូលរួមចំណែកបញ្ចៀស នូវការប្រជែងគ្នា ជាមួយសហគមន៍ដទៃទៀត ដែលកំពុងបាននឹងដាំដុះដំណាំ ដែលមានស្រាប់ហើយនោះ ។ យ៉ាងណាម៉ិញ បច្ចុប្បន្ន សហគមន៍ កំពុងដាំដុះដើមស្លឹកគ្រៃស្រាប់ ហើយក៏កំពុងតែមានតម្រូវការទីផ្សារខ្ពស់ដែរ ។ អញ្ជឹងទេ សហគមន៍ ត្រូវពង្រីកការដាំដុះដើមស្លឹកគ្រៃឲ្យបានច្រើនថែមទៀត ដើម្បី ធានាដល់ការផ្គត់ផ្គង់ទីផ្សារ ខណៈដែលបច្ចុប្បន្ន ទីផ្សារត្រូវការស្លឹកគ្រៃប្រមាណជា ៧០តោន ក្នុងមួយថ្ងៃ តែសហគមន៍ផ្ទាល់ បានផលិតស្លឹកគ្រៃ យកទៅលក់ ក្នុង ១ថ្ងៃ បានត្រឹមតែ ៣,៥០តោន តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត បើសហគមន៍ មានការពង្រីកការដាំដុះស្លឹកគ្រៃកាន់តែច្រើន គឺបានបង្ហាញទៅដល់ប្រជាពលរដ្ឋ នៅទូទាំងកម្ពុជាថា បើត្រូវការស្លឹកគ្រៃ ត្រូវមកទិញនៅសហគមន៍សំបូរមានជ័យ ស្រុកស្ទឹងត្រង់ ។ ដោយឡែក ទន្ទឹមនឹងស្លឹកគ្រៃ ជាដំណាំអាទិភាពហើយនោះ ដើម្បី ភាពរីកចម្រើន ដល់សមាជិក ក៏ដូចជា សហគមន៍ផ្ទាល់ សូមបងប្អូនយកចិត្តទុកដាក់អនុវត្តការដាំដុះ ការប្រើប្រាស់ជីគីមី ថ្នាំពុល…ជាដើម ឲ្យត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងខិតខំដាំដុះដំណាំផ្សេងៗទៀត ទៅតាមផែនការ ក៏ប៉ុន្តែ កុំព្យាយាមដាំដុះទៅតាមរដូវកាល ពីព្រោះថា ការធ្វើយ៉ាងដូច្នោះ វានឹងជម្រុញឲ្យផលិតផលយើង ទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ ។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រុញទៅដល់សមាជិកទាំងអស់ ត្រូវខិតខំថែរក្សាទីផ្សារដែលដណ្ដើមបានហើយ ឲ្យមានស្ថេរភាព ដើម្បី ធានាបាននិរន្តរ៍ភាព យូរអង្វែង ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ វឌ្ឍនភាពរីកចម្រើន របស់សហគមន៍សំបូរមានជ័យ ក្នុងការខិតខំប្រមូលនូវធាតុចូល ឬព័ត៌មានពិតប្រាកដ ដើម្បី ផ្ដល់នូវសេចក្ដីទុកចិត្ត ដល់សមាជិករបស់ខ្លួន ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ទោះជាយ៉ាងណា យើងនៅតែទទូច សុំឲ្យមានការគាំទ្រ ពីគម្រោង BPAC នៃអង្គការ JICA ទៅដល់សហគមន៍ ជាបន្តទៀត ដើម្បី ជម្រុញឲ្យសហគមន៍នានា ដែលបានបង្កើតឡើង នៅទូទាំងខេត្តកំពង់ចាម បានបន្តកិច្ចដំណើរការសកម្មភាព ជាបន្តទៅទៀត ៕