អភិបាលខេត្តកំពង់ចាម សម្រេចឲ្យបើកផ្លូវ ដែលភាគីជម្លោះបានបិទរបង នៅចំណុចភូមិតាសែន ឃុំខ្នុរដំបង ស្រុកជើងព្រៃ ឡើងវិញ


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម សម្រេចឲ្យបើកផ្លូវ ដែលភាគីជម្លោះបានបិទរបង នៅចំណុចភូមិតាសែន ឃុំខ្នុរដំបង ស្រុកជើងព្រៃ ឡើងវិញ ។ ការសម្រេចនេះ ធ្វើឡើងខណៈដែល ឯកឧត្ដម អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះដោះស្រាយដោយផ្ទាល់ នូវករណីវិវាទ បិទផ្លូវ មិនឲ្យប្រជាពលរដ្ឋដើរ នៅចំណុចក្នុងភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ដែលករណីវិវាទនេះ កើតមានឡើងអស់រយៈពេលប្រមាណជា ៧ខែ មកហើយ តែជ្ញាធរមិនទាន់ដោះស្រាយ ចប់សព្វគ្រប់នៅឡើយ ។
គួររំលឹកផងដែរថា កាលពីប្រមាណជា ៦ ទៅ ៧ខែមុន មានករណីបិទផ្លូវ នៅចំណុច នៃទីតាំងខាងលើនេះ គឺផ្តើមចេញពីការលក់ដី ដោយឈ្មោះ ស្រៀង សៀងលី ភេទស្រី អាយុ ២៧ឆ្នាំ ជាម្ចាស់ដី ចង់លក់ដី ឲ្យទៅឈ្មោះ កែម សុផាន់ ។ ប៉ុន្តែ ក្រោយមក ការលក់ដូរ មិនបានជោគជ័យ ទើបភាគីទាំង២ មានជម្លោះរកាំរកុះជាមួយគ្នា រហូតដល់ ឈ្មោះ កែម សុផាន់ បានធ្វើរបងបិទផ្លូវដី ទទឹង ៤ម៉ែត្រ ដោយមិនឲ្យ ភាគីជម្លោះ និងប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវនេះឡើយ ។ បន្តបន្ទាប់មក ឈ្មោះ សៀងលី បានដាក់ពាក្យបណ្តឹង ដោយមានប្រជាពលរដ្ឋ ៥០នាក់ បានផ្តិតមេដៃគាំទ្រ ដើម្បី ស្នើសុំអាជ្ញាធរ ធ្វើការបើកផ្លូវនោះឡើងវិញ ។ ទោះយ៉ាងណា ករណីនេះ អាធជ្ញាធរ ឃុំ ស្រុក បានធ្វើការដោះស្រាយជាបន្តបន្ទាប់ រួចមកហើយ តែមិនទទួលបានលទ្ធផលជោគជ័យឡើយ ។ ក្រោយមក ករណីខាងលើនេះ បានធ្លាក់ដល់ដៃ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ទើបឯកឧត្ដម បានអញ្ជើញចុះមកធ្វើការដោះស្រាយជូនគូរវិវាទទាំងពីរ ដោយផ្ទាល់ តែម្តង ។
បន្ទាប់ពីបានពិភាក្សា ជាមួយនឹងភាគីដើមចោទ និងចុងចោទ ក៏ដូចជា ការបំភ្លឺ ពីអាជ្ញាធរ និងមន្ត្រីជំនាញ មូលដ្ឋាន រួចមក ជាលទ្ធផល ឯកឧត្ដម អភិបាលខេត្ត បានសម្រេច ឲ្យមានការបើកផ្លូវនោះឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ តទៅ ដោយហេតុថា ផ្លូវដីនោះ ជាផ្លូវរបស់រដ្ឋ ហើយប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់តាំងពីយូរយារណាស់មកនោះ ។ ជាមួយគ្នានោះដែរ ឯឧត្ដមអភិបាលខេត្ត កំពង់ចាម ក៏បានជម្រុញទៅដល់ភាគីជម្លោះ ត្រូវប្រកាន់នូវភាពអត់ធ្មត់ និងសន្តិភាព ដើម្បី ភាពសុខសាន្ត ទាំងអស់គ្នា ត្បិតអីពេលនេះ យើងបានដោះស្រាយ រួចរាល់អស់ហើយ ៕