អាជ្ញាធរខេត្តកំពង់ចាម ទទួលជំនួយផ្នែកសុខាភិបាល ពី សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ


កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចូលរួម ពិធី ប្រគល់ -ទទួលសមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ស្រីសន្ធរ និងស្រុកកងមាស សម្រាប់ឆ្នាំ២០២១ សរុប ថវិកា ប្រមាណ ជា ៥៦ម៉ឺន ដុល្លារ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុក ទាំង៣ ខាងលេី ។

គួរ បញ្ជាក់ ថា ការប្រគល់-ទទួលនេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយលោក គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត ។

សម្រាប់ មន្ទីរ ពេទ្យ បង្អែក ស្រុក ជេីងព្រៃ មានទំហំទឹកប្រាក់ចំនួន ២២១,៩៣៣៦៩ដុល្លារ (ពីររយម្ភៃមួយពាន់ ប្រាំបួនរយសាមសិបបីដុល្លារ និងហុកសិបប្រាំបួនសេន) ក្នុងនោះបាន ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាចំនួន ១៥៩,៩០៩.៧៩ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំបួនរយប្រាំបួនដុល្លារ និងចិតសិបប្រាំបួនសន) និង បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាចំនួន ៦២,០២៣.៩០ ដុល្លារ (ហុកសិបពីរពាន់ម្ភៃបីដុល្លារ និងកៅសិបសេន)។

មន្ទីរពេទ្យ បង្អែក ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ចំនួន ២៦០,៥៩៩.៧៧ ដុល្លារ (ពីររយហុកសិប ពាន់ប្រាំរយកៅសិបប្រាំបួនដុល្លារ និងចិតសិបប្រាំពីរសេន) ក្នុងនោះ កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាចំនួន ១៥៩,៧០៧១១ ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំពីររយប្រាំពីរដុល្លារ និងដប់មួយសេន) និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាចំនួន ១០០,៨៩២៦៦ ដុល្លារ (មួយរយ ពាន់ប្រាំបីរយកៅសិបពីរដុល្លារនិងហុកសិបប្រាំមួយសេន)។

មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ចំនួន ៧៥,៣៥៨ ដុល្លារ (ចិតសិបប្រាំពាន់បីរយ ហាសិបប្រាំបីដុល្លារ) ក្នុងនោះ កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាចំនួន ៤២,៣៨០ ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ) និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១ គ្រឿង គិតជាថវិកាចំនួន ៣២,៩៧៨ ដុល្លារ (សាមសិបពីរពាន់ប្រាំបួនរយចិតសិប ប្រាំបីដុល្លារ)៕