ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ចេញញត្តិគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត


កំពង់ចាម៖ នៅថ្ងៃព្រហស្បត្តិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានចេញញត្តិគាំទ្រពេញទំហឹង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រាំ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត តាមរយៈការបោះឆ្នោត។

ថ្លែងក្នុងញត្តិគាំទ្រនោះផងដែរ លោក ស្រី សុភ័ក្ត្របានមានប្រសាសន៍ថា៖ “យើងខ្ញុំបានមើលឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនដ៏ឆ្នើម ក្នុងចំណោមថ្នាក់ដឹកនាំខ្មែរ ដែលពោរពេញដោយសមត្ថភាព និងថាមពល និងជាបុគ្គលដែលប្រកបដោយទេពកោសល្យ និងគុណធម៌ ជាពិសេស ភាពជាអ្នកដឹកនាំរបស់លោក បានបង្ហាញតាមរយៈសកម្មភាពជាគំរូជាក់ស្តែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗជាច្រើនដូចជា រដ្ឋបាល សេដ្ឋកិច្ច យោធា ការទូត ការងារមនុស្សធម៌ និងសុខាភិបាល។ យើងខ្ញុំទាំងអស់គ្នា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសម ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអនាគតនៃកម្ពុជាយ៉ាងពិតប្រាកដ”៕