ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម


កំពង់ចាម៖នារសៀលថ្ងៃសៅរ៍ ៨រោច ខែកត្កិក ឆ្នាំធ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពី លោក ផេន សុផល អភិបាលស្រុកបាធាយ និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ ខេត្តកំពង់ចាម រួមនិងក្រុមការងារជនបង្គោលយុវជនទទួលបន្ទុកឃុំ។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ឯកឧត្តមបណ្ឌិតតែងតែយកចិត្តទុកដាក់ ខ្វាយខ្វល់ពីសុខទុក្ខ របស់យុវជនយើងគ្រប់ពេលវេលា ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែងបានរម្លឹកដល់យុវជនរបស់យើង បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រឲ្យបានជាប់លាប់ជាប្រចាំ ពីព្រោះចំណេះវិជ្ជា ជំនាញនេះហើយ ជាត្រីវិស័យបង្ហាញផ្លូវទៅរកការអភិវឌ្ឍសមត្ថភាព អត្តចរិក ការដឹកនាំ និងភាពជាគំរូដល់យុវជនយើងជំនាន់ក្រោយៗតទៀត ព្រមទាំងជាធនធានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកច្រើនជឿនលឿន។


ឯកឧត្តម ហេង សួរ ក៏បាននាំយកការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ជាអនុប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម
ឯកឧត្តម ហេង សួរ បានជំរុញលើកទឹកចិត្តដល់យុវជនបង្គោលនៅតាមបណ្តាឃុំនីមួយៗ នៃស្រុកបាធាយ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយពីការបង្ការខ្លួននៃការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ៣កុំ និង៣ការពារ ដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលរបស់យើង ឱ្យបានភ្ជាប់ខ្ជួន ធ្វើយ៉ាងណាជួយឱ្យមូលដ្ឋាន និងសហគមន៍របស់យើងនៅក្នុងស្រុកបាធាយទាំងមូល ជៀសបានពីការចម្លងជំងឺដ៏កាចសាហាវមួយនេះ
បន្ទាប់ពីបញ្ចប់នូវកិច្ចសំណេះសំណាល ឯកឧត្តម ហេង សួរ ក៏បាននាំយកនូវសម្ភារមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនោះបានផ្តល់ជូនដល់៖
១- ស្នាក់ការគណបក្សស្រុកបាធាយ៖ ម៉ាស ចំនួ១០០ ប្រអប់, អាល់កុល ២ កាន, មីជាតិ ៣០ កេស, ត្រីខកំប៉ុង ៣០យួរ, ទឹកបរិសុទ្ធ ៣០កេស និងថ្នាំចិនចំនួន ៥០ប្រអប់ ថែមទាំង អាវយុវជនគណបក្ស​​ ៧០អាវ
២- ស្នាក់ការគណបក្សឃុំទាំង១២៖ ម៉ាសចំនួន (១០ប្រអប់/១ឃុំ), អាល់កុល(១កាន/១ឃុំ), មីជាតិ(៥កេស/១ឃុំ), ត្រីខកំប៉ុង(៥យួរ/១ឃុំ), ទឹកបរិសុទ្ធ(៥កេស /១ឃុំ)
៣- ថវិកាសមាជិក សមាជិកា ចូលរួមក្នុងម្នាក់ទទួលបាន ២០,០០០រៀល៕