ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជាអញ្ជេីញជាអធិបតីដាក់សម្ពោធសមិទ្ធផលថ្មីក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម


កំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្ដូងទឹកប្រភេទអគ្គិសនី និងអំពូលបំភ្លឺផ្លូវ ប្រភេទសូឡា សម្រាប់ប្រគល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន។ នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់ ឯកឧត្តម ហ៊ាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកជំទាវ ស្រីគឹម ឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួង និង លោក លោកស្រី ជាប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរង នាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីក្រុមយុវជនស.ស.យ.ក លោក លោកស្រីក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ភូមិទី១៣លើសរុបចំនួន ១៥០នាក់ ស្រី ២៤ នាក់ ។

អំពូលបំភ្លឺផ្លូវ ប្រភេទសូឡា ដែលត្រូវបានប្រគល់ជូនមានចំនួន ៣១២ បង្គោល និងអណ្ដូងទឹកដើរដោយអគ្គិសនី ចំនួន ២៩០ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ក្នុងភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ដែលអំណោយទាំងនោះជាវិភាគទានរបស់ប្រទេស សាំងហ្គាពួរ ម៉ាឡេស៊ី និងព្រុយណេ ដោយចំណាយទឹកប្រាក់សរុបប្រមាណ ១០៣,៧០០ ដុល្លា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមគណៈអធិបតី បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ហើយក៏បានផ្សព្វផ្សាយណែនាំបន្ថែមក្នុងការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕