ពិធីប្រកាសរៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសរៀបចំរចនាសម្ព័ន្ធ និងរបៀបរបធ្វើការងាររបស់ក្រុមការងារយុវជនគណបក្សស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ។  ស្ថិតក្នុងឱកាសនោះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ឈួន វិន ប្រធានក្រុមជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ និងលោក ស៊ីម គង់ ប្រធានគណបក្សស្រុក ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុក។

ថ្លែងក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានបញ្ជាក់ជំរុញការពង្រឹងអង្គការចាត់តាំង អោយច្បាស់លាស់ និងពិតប្រាកដ បន្តយកចិត្តទុកដាក់ខ្ពស់ ទទួលខុសត្រូវការងារជាមួយថ្នាក់ដឹកនាំក្នុងការកសាងកម្លាំងតាមការិយាល័យរបស់ខ្លួន និងឈានទៅកសាងបញ្ចូលសមាជិកយុវជនបក្ស ឆ្ពោះទៅគោលជំហរបោះឆ្នោតជូនគណបក្ស ក្នុងស្មារតីគាំទ្រពិតប្រាកដ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ក៏បានថ្លែងផ្តាំផ្ញើអោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរទើបតែងតាំងថ្មីត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងកម្មវិធីនេះផងដែរ លោក ស្រី សុភ័ក្ត្រ ក៏បាននាំយកកុំព្យូទ័រ និង ព្រីនធ័រ ១ ឈុត ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជូនដល់ក្រុមការងារយុវជនគណបក្សស្រុកស្រីសន្ធរ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារនៃក្រុមការងារយុវជនគណបក្សស្រុក។ បន្ថែមពីលើនេះ ឯកឧត្តម លូ គឹមឈន់ ជាប្រធានក្រុមការងារចុះជួយ ក៏បានឧត្ថម្ភដល់សមាជិកដែលបានចូលរួមចំនួន ១៧០ នាក់ នូវអាវយុវជនគណបក្សក្នុងម្នាក់អាវ១ និង ថវិកាម្នាក់ចំនួន ២០,០០០៛ ផងដែរ ដែលសរុបចំនួន ៖ 1,222 ដុល្លា និង 3,400,000រៀល ៕