លោក ទូច ចាន់ណា សមាជិកក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត និងជាប្រធានផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម បានដឹកនាំរបបប្រជុំសាមញ្ញបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែ តាមប្រព័ន្ធអនឡាញ Google MEET


កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ទូច ចាន់ណា សមាជិកក្រុមអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង ជាប្រធានផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីប្រជុំបូកសរុបសកម្មភាពការងាររបស់ផែន ប្រចាំខែកញ្ញា និងទិសដៅខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ Google Meet។សមាសភាពក្បាលម៉ាស៉ីន ប្រធានក្រុមតាមតំបន់ ដែលបានចូលរួមប្រជុំមានចំនួន ៣៣ នាក់ ស្មើនឹង ៧ក្រុង-ស្រុក រួមមាន៖ ស្រុកបាធាយ ស្រុកជើងព្រៃ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកោះសូទិន ស្រុកព្រៃឈរ និងស្រុកស្រីសន្ធរ។ ប្រធានក្រុមតាមតំបន់នីមួយៗ បានធ្វើសេចក្តីរាយការណ៍លទ្ធផលសកម្មភាពការងារ ចំណុចខ្លាំង ចំណុចខ្សោយ ភាពជោគជ័យ និងបញ្ហាប្រឈម នៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះ លោក ទូច ចាន់ណា ប្រធានផែន បានថ្លែងកោតសរសើរនូវភាពសកម្មនិងភាពផុសផុលរបស់ក្រុមយុវជនសកម្ម នៅគ្រប់មូលដ្ឋាន និងបន្តជំរុញការងារពង្រឹងរចនាសម្ពន្ធក្បាលម៉ាស៊ីនគ្រប់គ្រង អោយរឹងមាំ និងដឹកនាំ ត្រួតពិនិត្យ រៀបចំផែនការសកម្មភាព និងប្រសិទ្ធភាពការងារ ជាប្រចាំ ជាពិសេស មើលខុសត្រូវថែទាំចិញ្ចឹមចលនានៅក្នុងក្រុមយុវជនដែលខ្លួនដឹកនាំ អោយបានល្អប្រសើរ និងត្រូវអនុវត្តការងារស្របទៅតាម ក្រមសីលធម៌និងបទបញ្ជាផ្ទៃក្នុងរបស់ផែន។

គួរបញ្ជាក់ផងដែរថា៖ ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ត្រូវបានដាក់ឈ្មោះសំគាល់ផែនរបស់ខ្លួនជាផ្លូវការ សម្រាប់បម្រើសកម្មភាពកិច្ចការសង្គម និងសំគាល់អត្តសញ្ញាណផែនលើបណ្តាញសង្គម ក្រោមការឯកភាពពីលោកប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដោយហៅកាត់ថា KCY (ខេស៊ីវ៉ាយ) ដែលកើតមកពីពាក្យពេញថា ៖ Kampong Cham Youth ។  ទន្ទឹមនឹងនេះ ផែនព័ត៌មានបានខិតខំ ប្រឹងប្រែង ចុះមូលដ្ឋានកសាងបណ្តាញក្រុមយុវជសកម្ម នៅ តាមតំបន់ និងមូលដ្ឋាននៅទូទាំងខេត្ត គិតត្រឹមខែកញ្ញា សម្រេចបាន ចំនួន ១២ ក្រុម ដែលមានក្បាលម៉ាស៊ីន គ្រប់គ្រង ដឹកនាំច្បាស់លាស់ ដូចខាងក្រោម៖

  • ស្រុកជើងព្រៃ  មានចំនួន ០២ ក្រុម ស្មើនឹង ៤០ នាក់
  • ស្រុកកំពង់សៀម មានចំនួន ០៣ ក្រុម ស្មើនឹង ៧១ នាក់
  • ក្រុងកំពង់ចាម មានចំនួន ០២ ក្រុម ស្មើនឹង ៥៩ នាក់
  • ស្រុកកោះសូទិន មានចំនួន ០៣ ក្រុម ស្មើនឹង ១១៣ នាក់
  • ស្រុកស្រីសន្ធរ មានចំនួន ០១ ក្រុម ស្មើនឹង ១៦ នាក់
  • ស្រុកព្រៃឈរ មានចំនួន ០១ ក្រុម ស្មើនឹង ៣៨ នាក់

សរុបចំនួន៖ ១២ ក្រុម ស្មើនឹង ៣៣៧ នាក់